ខេត្តមណ្ឌលគិរីក្នុងសម័យតេជោសែន (Video Inside)

មន្ត្រីជាន់ខ្ពស់ខេត្តមណ្ឌលគិរី បានលើកឡើងនូវទំហំសក្តានុពលរ៉ែក្នុងដី ជាពិសេសរ៉ែមាស ដែលបាន និងកំពុងធ្វើអាជីវកម្មរកប្រាក់ចំណូលជូនជាតិ។ អភិបាលរងខេត្តមណ្ឌលគិរីលោក ស៊ន សារុន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦មេសាឆ្នាំ២០២៣នៅទីស្តីការគណរដ្ឋមន្ត្រី បានលើកពីការធ្វើអាជីវកម្មមាសរបស់ក្រុមហ៊ុនមួយមកពីអូស្ត្រាលីដែលគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២១នោះមក ការចម្រាញ់យកមាសពីក្រោមដី បានចំនួនជិត៦តោនហើយ។

ប្រមុខរាជរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ថាការធ្វើអាជីវកម្មរ៉ែមាស នៃក្រុមហ៊ុនរបស់អូស្ត្រាលីនេះ នឹងផ្តល់ផលប្រយោជន៍នូវចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមមានប្រមាណ៤០ លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាថវិកាទាំងនេះ ត្រូវប្រមុខរាជរដ្ឋាភិបាល នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប្រធានមន្ទីររ៉ែ និងថាមពល របស់ខេត្តមណ្ឌលគិរីលោកទី សុផល បានថ្លែងថាក្នុងខេត្តមណ្ឌលគិរីនោះ រ៉ែនៅក្រោមដី មិនមែនមានត្រឹមតែរ៉ែមាសប៉ុណ្ណោះទេ។ លោកថាក្នុងខេត្តមណ្ឌលគិរី ក៏មានរ៉ែធ្យូងថ្មផងដែរ។

ខេត្តមណ្ឌលគិរី កាលពីអតីតកាលក្នុងសម័យមានសង្គ្រាមស៊ីវិល គឺជាខេត្តដែលដាច់ស្រយាលបំផុត និងជាខេត្តមិនសូវមានសន្តិសុខពេញលេញឡើយ។ ការធ្វើដំណើរពីភ្នំពេញទៅ ខេត្តមណ្ឌលគិរីតាមរថយន្តចម្ងាយតែប្រមាណ២៧៣គីឡូម៉ែត្រ គេតែងប្រើរយៈពេលច្រើនថ្ងៃ និងខ្លះថែមទាំងដេកផ្លូវរហូតដល់ជាង១០ថ្ងៃថែមទៀត ទើបអាចធ្វើដំណើរទៅដល់ខេត្តចុងបំផុត នាភាគឥសានប្រទេស។

អភិបាលរងខេត្តមណ្ឌលគិរីលោក ស៊ន សារុន បានថ្លែងក្នុងសន្និសីទកាសែតថា ប៉ុន្តែបច្ចុប្បន្នការអភិវឌ្ឍន៍ផ្លូវក្រោមគោលនយោបាយដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច, ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តមណ្ឌលគិរីតាមរថយន្តអាចវិលត្រឡប់មកភ្នំពេញ ក្នុងពេលល្ងាចវិញបាន។

ខេត្តមណ្ឌលគិរី គឺជាខេត្តដែលមានព្រំប្រទល់របស់ខ្លួនជាប់នឹងប្រទេសវៀតណាម។ ខេត្តនេះ ក៏មានព្រំប្រទល់ជាប់នឹងខេត្តក្រចេះនាភាគខាងលិច, ជាប់ស្ទឹងត្រែង និងរតនគីរីនាភាគខាងជើង, ចំណែកភាគខាងកើត និងភាគខាងត្បូងជាប់នឹងទឹកដីវៀតណាម នៃខេត្តដាក់ឡាក់, ដាក់ណុង និងខេត្តប៊ិញភឿក ដែលព្រំដែនសរុបរួបជាមួយនឹងវៀតណាមនោះប្រវែង៣១៤ក្បៀស ៦៦៤គីឡូម៉ែត្រ។

អភិបាលរងខេត្តមណ្ឌលគិរីលោក ស៊ន សារុន បានថ្លែងជុំវិញការបោះបង្គោលព្រំដែន រវាងខេត្តមណ្ឌលគិរីកម្ពុជា និងខេត្តវៀតណាមកន្លងមកនេះ។

ខេត្តមណ្ឌលគិរី គឺជាខេត្តដែលមានតភ្ជាប់បណ្តាញអគ្គិសនីស្ទើរគ្រប់ភូមិទូទាំងខេត្តលើកលែង តែភូមិដាច់ស្រយាលក្នុងព្រៃជ្រៅដែលមានភាពលំបាកក្នុងការធ្វើដំណើរចេញចូលទៅដល់។ ខេត្តភាគឥសាននេះ ក៏ជាខេត្តដែលសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ដែលមានតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន១០៥កន្លែង ដែលមានទេសចរណ៍ជាតិ និងអន្តរជាតិតែងធ្វើដំណើរកំសាន្ត។

ខេត្តមណ្ឌលគិរី គឺជាខេត្តដែលរាជរដ្ឋាភិបាលបានកំណត់ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ads banner