ក្រសួងបរិស្ថានបន្តយុទ្ធនាការអន្ទាក់សូន្យលើកទី២ (Video Inside)

ក្រសួងបរិស្ថាន និងអង្គការដៃគូនឹងបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តពោធិ៍សាត់ ក្នុងគោលបំណងកាត់បន្ថយចំនួនអន្ទាក់ និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យ ក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនគិរី កាលពីឆ្នាំ២០២២, ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តបើកយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ ឆ្ពោះមកកាន់ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប។

ខេត្តទាំង៦នេះ គឺជាខេត្តដែលមានផ្ទៃដីតំបន់ការពារធម្មជាតិ និងជាតំបន់ដែលសម្បូណ៌ សត្វព្រៃ ជាពិសេសប្រភេទសត្វកម្រៗ ជាច្រើនដូចជាដំរី សត្វកែះ សត្វខ្លាឃ្មុំជាដើម។ យុទ្ធនាការអន្ទាក់សូន្យនៅទីខេត្តពោធិ៍សាត់ គ្រោងនឹងធ្វើនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានដដែល បានគូសបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ រៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជនទៅអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យ ចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។

ads banner