ប្រធាន CAMSOC បង្ហាញពីភាពកក់ក្ដៅក្រោយពិនិត្យឃើញទីលានត្រៀមស៊ីហ្គេមលើកទី៣២ នៅក្នុងពហុឡដ្ឋានជាតិអូឡាំពិករួចរាល់នៅតែការតុបតែងលម្អប៉ុណ្ណោះ
ភ្នំពេញ ៖ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អមដំណើរដោយ ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប បានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធទីលានត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅក្នុងពុហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
បន្ទាប់ពីចុះពិនិត្យយ៉ាងយកចិត្តទុកដាក់នោះ សម្តេច ពិជ័យសេនា ទៀ បាញ់ បានថ្លែងវាយតម្លៃថា ការជួសជុលសាងសងទីលានទទួលបំរើរដល់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់ទីលានកីឡាទាំង៩ នៅក្នុងពហុកីឡដ្ឋានជាតិនេះ តាមការពិនិត្យជាក់ស្តែងមើលឃើញថា សម្រេចបានរួចរាល់ស្ទើទាំងស្រុង ប៉ុន្តែនៅសេសសល់ចំណុចតូចៗមួយចំនួនប៉ុណ្ណោះគ្រាន់តែបំពេញបន្ថែមជាការស្រេច ហើយរួចពីនោះយើងគ្រាន់តែតុបតែលម្អសោភ័ណ្ឌភាពបន្ថែមនោះនឹងរួចរាល់ជាស្ថាពរ ។
សម្តេច ពិជ័យសេនា បញ្ជាក់ទៀតថា សរុបទៅទីលានកីឡាត្រៀមស៊ីហ្គេមស្តាតអូឡាំពិកយើងនេះ អាចនិយាយបានថា សម្រេចរួចរាលអស់ហើយ វាជាភាពកក់ក្តៅមួយសម្រាប់គណៈកម្មាជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ គឺការទទួលស្វាគមន៍ភ្ញៀវប្រទេសក្នុងតំបន់អាស៊ានមកប្រកួតដោយទំនុកចិត្ត។
សូមបញ្ជាក់ថា ទីលានត្រៀមទទួលកីឡាស៊ីហ្គេម លើកទី៣២ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក សរុប ៩ទីលាន មានដូចជា បាល់ទាត់បុរស បាល់ទះ បាល់ទឹក កាយសម្ព័ន្ធ ប៉េតង់ សីដក់ សូហ្វតិន្និស, លើកទម្ងន់ និងកីឡារាំ ៕ រូបភាព ជីម ភារ៉ា អត្ថបទ ជាវ ចន្ធូ