អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton បញ្ចេញមតិពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី និងអ៊ុយក្រែន
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton បានបើកចំហរអំពីការយល់ឃើញផ្ទាល់ខ្លួនរបស់គាត់នៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយអៀរឡង់ថា គាត់សោកស្តាយចំពោះការដាក់សម្ពាធលើអ៊ុយក្រែន ឱ្យបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្រោមអនុស្សរណៈ Budapest ក្នុងឆ្នាំ ១៩៩៤។
អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton បានប្រាប់សារព័ត៌មាន RTE នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្ញុំមានអារម្មណ៍ថា មានចំណែកខុសដែរ ពីព្រោះខ្ញុំបានឱ្យពួកគេ (អ៊ុយក្រែន) យល់ព្រមបោះបង់អាវុធនុយក្លេអ៊ែររបស់ពួកគេ។ ហើយរុស្ស៊ីអាចនឹងមិនធ្វើប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ប្រសិនបើអ៊ុយក្រែននៅតែមានអាវុធនៅក្នុងដៃរបស់ខ្លួន។
លោក Clinton បាននិយាយយ៉ាងដូច្នេះថា ខ្ញុំគិតថា អ្វីដែលលោក ពូទីន បានធ្វើ គឺខុសខ្លាំងណាស់ ហើយខ្ញុំជឿជាក់ថា អឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែបន្តការគាំទ្រដល់អ៊ុយក្រែន។
កិច្ចព្រមព្រៀងនេះបានកើតឡើងរួមគ្នាក្នុងខែមករា ឆ្នាំ ១៩៩៤ នៅពេលដែលអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ប្រធានាធិបតីរុស្ស៊ី Boris Yeltsin និងប្រធានាធិបតីអ៊ុយក្រែន លោក Leonid Kravchuk បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគី ដើម្បីលុបបំបាត់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបានបន្សល់ទុកនៅក្នុងទឹកដីអ៊ុយក្រែន បន្ទាប់ពីការដួលរលំសហភាពសូវៀត៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា