សហរដ្ឋអាមេរិក នឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តអាស៊ី ដើម្បីស្វែងរកវិធានការឆ្លើយតបនឹងការបង្កហេតុរបស់កូរ៉េខាងជើង
វ៉ាស៊ីនតោន៖ បេសកជននុយក្លេអ៊ែរកំពូលមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងធ្វើកិច្ចពិភាក្សារួមគ្នាមួយនៅក្នុងសប្តាហ៍នេះ ស្តីពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការកើនឡើងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ រួមទាំងវិធានការតបតដ៏មានសក្តានុពលប្រឆាំងនឹងកូរ៉េខាងជើង។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសពីកិច្ចពិភាក្សានាពេលខាងមុខ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយកត់សម្គាល់ថា ប្រធានអ្នកចរចានុយក្លេអ៊ែររបស់ខ្លួន គឺលោក Kim Gunn នឹងចូលរួមជាមួយសមភាគីអាមេរិក និងជប៉ុន សម្រាប់កិច្ចពិភាក្សានៅទីក្រុងសេអ៊ូល នាថ្ងៃទី៧ ខែមេសានេះ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lim Soo-suk បានប្រាប់អ្នកយកព័ត៌មានថា នៅក្នុងកិច្ចប្រជុំនេះ អ្នកតំណាងជាន់ខ្ពស់របស់ប្រទេសទាំងបី នឹងចែករំលែកការវាយតម្លៃរបស់ពួកគេ អំពីស្ថានភាពធ្ងន់ធ្ងរនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការបង្កហេតុជាបន្តបន្ទាប់របស់កូរ៉េខាងជើង ក៏ដូចជាពិភាក្សាគ្នាអំពីវិធានការណ៍តបតផងដែរ។
ដោយឡែកក្រសួងការបរទេសអាមេរិក ក៏បានបញ្ជាក់ដែរថា តំណាងពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលទទួលបន្ទុកកិច្ចការកូរ៉េខាងជើង គឺលោក Sung Kim នឹងចូលរួមកិច្ចចរចានុយក្លេអ៊ែរនៅក្នុងថ្ងៃសុក្រនេះ ដោយលើកហេតុផលថា ទំនាក់ទំនងជាមួយជប៉ុន និងកូរ៉េខាងត្បូង មានសារៈសំខាន់ក្នុងការពង្រឹងសន្តិសុខក្នុងតំបន់៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា