វៀតណាមនឹងបើកការស៊ើបអង្កេត TikTok ជុំវិញមាតិកាគ្រោះថ្នាក់

ហាណូយ៖ មន្រ្តីរដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃទី០៦ ខែមេសានេះថា ប្រទេសវៀតណាមនឹងបើកការស៊ើបអង្កេតលើកម្មវិធីបណ្តាញសង្គម TikTok ជុំវិញការចែករំលែកខ្លឹមសារដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋ ការបំពុលសង្គម និងព័ត៌មានក្លែងក្លាយជាដើម។

ប្រធានផ្នែកវិទ្យុ ទូរទស្សន៍ និងព័ត៌មានអេឡិចត្រូនិករបស់វៀតណាម លោក ឡេ ក្វាង ទូ ឌូ បានប្រាប់អ្នកយកព័ត៌មានថា កម្មវិធី TikTok ខ្វះវិធានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទៅលើខ្លឹមសារ ដែលបំពាននយោបាយ, ប្រឆាំងនឹងគណបក្ស និងរដ្ឋ, ព័ត៌មានក្លែងក្លាយ និងខ្លឹមសារបំពុលសង្គមជាដើម។

លោកថា កង្វះការគ្រប់គ្រង គឺមានន័យថា ជួយដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្កឲ្យមានការខាតបង់ខាងសេដ្ឋកិច្ច និងអស្ថិរភាពសង្គម ហេតុដូច្នេះក្រសួងស្នើឱ្យប្រព័ន្ធបណ្តាញសង្គមឆ្លងដែន អនុវត្តតាមច្បាប់របស់ប្រទេសវៀតណាមយ៉ាងតឹងរ៉ឹង។

គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមមានការទប់ស្កាត់យ៉ាងតឹងរ៉ឹង ទៅលើសេរីភាពនៃការបញ្ចេញមតិ ដែលជារឿយៗបានបង្ក្រាបអ្នករិះគន់ប្រឆាំងនឹងរដ្ឋាភិបាល ដែលស្វែងរកការគាំទ្រនៅលើកម្មវិធីបណ្តាញសង្គម ខណៈដែលកម្មវិធី TikTok មានអ្នកប្រើប្រាស់ប្រមាណ ៥០លាននាក់នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ DataReporter ដកស្រង់ប្រភពពីរដ្ឋាភិបាលវៀតណាម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner