គណបក្សអាវក្រហមថៃ បង្ហាញបេក្ខភាពនាយករដ្ឋមន្ត្រីជាផ្លូវការនិងសន្យាស្ដារយុត្ដិធម៌សង្គម

ថៃ៖ គណបក្សភឿថៃឬបក្សអាវក្រហមថៃដែលស្និទ្ធនិងលោកថាក់ស៊ីន បានប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរូបរបស់ខ្លួននិងប្រកាសស្ដារយុត្តិធម៌សង្គមថៃឡើងវិញបក្សនេះឈ្នះឆ្នោត។គណបក្សភឿថៃបានដាក់បញ្ជីបេក្ខភាពនាយករដ្ឋមន្ត្រីបីរូបជាផ្លូវការ ទៅកាន់គណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃនិងបានបើកយុទ្ធនាការណ៍ឃោសនាទ្រង់ទ្រាយធំមួយ កាលពីថ្ងៃទី០៥ខែមេសាឆ្នាំ២០២៣។

សារព័ត៌មានថៃផ្សាយថា បេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរូបរបស់គណបក្សភឿថៃរួមមាន អ្នកស្រី Paetongtarn Shina watra ជាបុត្រីរបស់លោកថាក់ស៊ីន លោក Srettha Thavisinជាសេដ្ឋីអចលនទ្រព្យថៃ និងលោក Chaikasem Nitisiriដែលកាន់ការជាប្រធានផ្នែកយុទ្ធសាស្ត្រនយោ បាយរបស់បក្ស។

គណបក្សភឿថៃបានរៀបចំយុទ្ធការណ៍ឃោសនាមួយនៅក្នុងកីឡដ្ឋាន Thunderក្នុងស្រុក Pak Kret ខេត្ត Nonthaburi ដែលជាមូលដ្ឋានសម្បូរទៅដោយអ្នកគាំទ្របក្សអាវក្រហម។
បេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់របស់បក្សភឿថៃ លោក Chaikasem ថ្លែងថា ការអនុវត្តនីតិរដ្ឋមានសារៈសំខាន់ណាស់នៅក្នុងសង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនិងជួយប្រជាជន។ ទោះជាយ៉ាងណាក៏ដោយ និតិរដ្ឋ ត្រូវបានប្រើប្រាស់ខុសដោយរដ្ឋាភិបាល(សំដៅដល់ប្រាយុទ្ធ) នៅប្រាំបីឆ្នាំចុងក្រោយនេះ។

លោក បាន បន្ថែម ថា ការរំលោភបំពានអំណាចក៏បានកើតឡើងដែរ ដោយមានតែក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានផលប្រយោជន៍។ លោកបញ្ជាក់ថា ៖« មន្ត្រី រដ្ឋាភិបាល មិន បម្រើ ប្រជាពលរដ្ឋ និងចាត់ ទុក ពលរដ្ឋទាំងអស់ត្រឹមតែជា អ្នក បង់ ពន្ធ»។

លោកបញ្ជាក់ថាប្រសិនបើបក្សភឿថៃជាប់ឆ្នោតឡើងកាន់អំណាចគណបក្សភឿថៃនឹងវិសោ ធនកម្មច្បាប់ ឬព្យួរច្បាប់ដែលមិនបម្រើប្រយោជន៍ពលរដ្ឋ ព្រមទាំងធានាឱ្យបាននូវភាពយុត្តិធម៌ក្នុងចំណោមប្រជាជន។

បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សភឿថៃម្នាក់ទៀត លោក Srettha Thavisin ថ្លែងកត់សម្គាល់ថា លោកមានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីទាំងបីរបស់គណបក្សភឿថៃ។លោកអះអាងថា ខ្លួនបានលាឈប់ពីតំណែងប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Sansiriរួចហើយកាលពីដើមសប្ដាហ៍នេះ។លោកបញ្ជាក់ថា លោកនឹងស្ដារសេដ្ឋកិច្ចថៃឡើងវិញបើសិនជាជាប់ឆ្នោត។

លោកមានប្រសាសន៍ថា៖ «ទោះបីជាខ្ញុំមិនអាចឃើញសមភាពក្នុងចំណោមប្រជាជនថៃក៏ដោយ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថាមនុស្សជំនាន់ថ្មីមានគុណភាពជីវិតកាន់តែប្រសើរឡើង។គណបក្សភឿថៃចង់ឃើញប្រជាជនទាំងអស់មានគុណភាពជីវិតកាន់តែប្រសើរឡើង ដោយធានាថាពួកគេនឹងសិទ្ធិនិងសេរីភាពស្មើភាពគ្នា»។
អ្នកស្រី Paetongtarn Shinawatra ដែលគេស្គាល់ថាជាបុត្រីរបស់លោកថាក់ស៊ីននោះ មានប្រសាសន៍ថា «បើបក្សភឿថៃឈ្នះឆ្នោតភ្លូកទឹកភ្លូកដីហើយឡើងកាន់អំណាចនោះនឹងអាចនាំប្រទេសចេញពីវិបត្តិបាន»។

ក្រៅពីសន្យាចំពោះយុត្តិធម៌សង្គមគណបក្សអាវក្រហមនេះក៏សន្យាចំពោះការធ្វើឱ្យប្រសើរឡើងនូវជីវភាពពលរដ្ឋ តាមរយៈបរិយាកាសអាជីវកម្ម ការធានាប្រាក់ចំណូលសមរម្យនិងការជំរុញវិស័យបច្ចេកវិទ្យាទៀតផង។

ប្រទេស ថៃ គ្រោង នឹង រៀបចំ ការ បោះ ឆ្នោត សកល នៅ ថ្ងៃ ទី ១៤ ខែ ឧសភា ដែល ជា លើក ទី ពីរ ចាប់ តាំង ពី រដ្ឋប្រហារ យោធា ក្នុង ឆ្នាំ ២០១៤។ មនុស្ស ជាង ៥២ លាន នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹង បោះឆ្នោត ដើម្បីជ្រើសរើសបេក្ខជនកាន់កាប់អាសនៈ សភា ជាន់ ទាប ចំនួន ៥០០កៅអី។ ការ ចុះ ឈ្មោះ បេក្ខជន រួម ទាំង បេក្ខភាព បក្ស សម្រាប់ នាយក រដ្ឋមន្ត្រី ធ្វើ ឡើង នៅ ថ្ងៃ ទី ៤-៧ ខែ មេសា។ ការបោះឆ្នោតសកលឆ្នាំ 2023 នៅថៃ ជាការប្រកួតគ្នាដ៏ តានតឹងផ្នែកនយោបាយរវាងគណបក្សដែលគាំទ្រដោយយោធា និងគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ៕ប្រែសម្រួល:វណ្ណស័ក្តិ

ads banner