អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ព្រមព្រៀងបើកស្ថានទូតឡើងវិញដើម្បីស្ដារទំនាក់ទំនងការទូតបន្ទាប់ពីផ្អាករយៈពេលប្រាំពីរឆ្នាំ

ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងនៃប្រទេសចិនកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ដើម្បីពិភាក្សាលម្អិតអំពីការចាប់ផ្តើមទំនាក់ទំនងការទូតរបស់ពួកគេឡើងវិញ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងមួយដែលត្រូវបានសម្របសម្រួលដោយចិន កាលពីខែមីនាកន្លងទៅ។ យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបើកស្ថានទូត និងស្ថានកុងស៊ុលនៅក្នុងប្រទេសទៅវិញទៅមក បន្ទាប់ពីបានផ្ដាច់ទំនាក់ទំនងការទូតអស់រយៈពេលជាងប្រាំពីរ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៦។

ភាគីទាំងពីរបានយល់ព្រមពិនិត្យមើលមធ្យោបាយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេ រួមមាន ការបើកឱ្យមានជើងហោះហើរឡើងវិញ ទស្សនកិច្ចទៅវិញទៅមករវាងគណៈប្រតិភូផ្លូវការ និងវិស័យឯកជន ព្រមទាំងការសម្របសម្រួលដល់ទិដ្ឋាការចេញចូល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយភាគីអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍ខាងលើបានសរសេរថា «ភាគីទាំងពីរបានសង្កត់ធ្ងន់លើការត្រៀមខ្លួនក្នុងការលុបបំបាត់រាល់ឧបសគ្គទាំងឡាយណាដែលជាបញ្ហាប្រឈមដល់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។

​ គួរបញ្ជាក់ដែរថា ស្ថានទូតនឹងត្រូវបានបើកដំណើរការនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ និងស្ថានកុងស៊ុលនៅក្រុងចេដា (Jeddah) ប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងម៉ាហាដ (Mashhad) ប្រទេសអ៊ីរ៉ង់ ។

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Amir-Abdollahian បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា «ជំនួបជាមួយសមភាគីអារ៉ាប៊ីសាអូឌីត បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កាបំផុត»។ លោកបានលើកឡើងបន្ថែមថា «កិច្ចពិភាក្សាបានផ្តោតលើការចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការ រវាងប្រជាជាតិទាំងពីរ ដោយសង្កត់ធ្ងន់ទៅលើស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់»។

គួរកត់សម្គាល់ថា កាលពីថ្ងៃព្រហស្បតិ៍ មានវីដេអូមួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត ដោយបានបង្ហាញឱ្យឃើញនូវសកម្មភាពរដ្ឋមន្ត្រីទាំងពីរបានចាប់ដៃគ្នាពេលកំពុងឈរថតរូប ដោយមានរដ្ឋមន្ត្រីការបរទេសចិនលោក ឈីន កាង (Qin Gang) ឈរនៅកណ្តាល។ ការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានគេមើលឃើញថាជាជោគជ័យដ៏ធំមួយរបស់ចិននៅក្នុងតំបន់ឈូងសមុទ្រនេះ ដែលវាក៏ជាតំបន់ទទួលរងនូវឥទ្ធិពលរបស់សហរដ្ឋអាមេរិកជាយូរមកហើយដែរ។

មន្ត្រីការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) បានហៅកិច្ចព្រមព្រៀងនេះថា «វាគឺជាជ័យជម្នះដែលបានមកពីការសន្ទនា និងជាជ័យជម្នះដើម្បីសន្តិភាព»។ លោកបានចាត់ទុកជោគជ័យនេះជាផ្នែកមួយនៃតួនាទីស្ថាបនារបស់ប្រទេសចិន ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាក្តៅៗនៅជុំវិញពិភពលោក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនកាលពីខែមីនា នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានប្រកាសឱ្យដឹង។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ និង (Mao Ning) បានមានប្រសាសន៍ថា «ទីក្រុងប៉េកាំងនឹងបន្តខិតខំបន្ថែមទៀក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់»។ លោកស្រីបានបន្តថា «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដើរតួនាទីយ៉ាងសកម្មក្នុងការសម្រុះសម្រួល គាំទ្រភាគីទាំងពីរក្នុងការបង្កើនទំនាក់ទំនង សម្រេចបាននូវមិត្តភាពជាប្រទេសជិតខាងល្អ និងរួមចំណែកដល់ទស្សនទាន កសាងសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់មជ្ឈិមបូព៌ា»។

គួរំឭកដែរថា ទីក្រុងរីយ៉ាដបានផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ក្នុងឆ្នាំ២០១៦ បន្ទាប់ពីបាតុករអ៊ីរ៉ង់បានសម្រុកបុកចូលទៅក្នុងស្ថានទូតអារ៉ាប៊ីសាអូឌីតនៅរដ្ឋធានីអ៊ីរ៉ង់ ក្រោយពីមានការប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានប្រយុទ្ធប្រឆាំងគ្នាក្នុងសង្គ្រាមដោយប្រយោល (Proxy war) ដែលបានជំរុញឱ្យប្រទេសជិតខាងទៀតជាច្រើន កាន់តែខិតទៅជិតទៅរកជម្លោះក្នុងតំបន់៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖ CNN Saudi Arabia and Iran agree to reopen embassies during Beijing talks on resumption of diplomatic ties

ads banner