មន្រ្តីជាន់ខ្ពស់ចិន ៖ NATO គឺជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅអ៊ុយក្រែន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ ណីង បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសាថា មិនមែនប្រទេសចិនទេ តែគឺអង្គការណាតូ ដែលជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយបក្សសម្ព័ន្ធយោធានេះគ្មានជំហរសីលធម៌ទាល់តែសោះ ចំពោះការរិះគន់លើប្រទេសចិន។

ប្រតិកម្មរបស់លោកស្រី ម៉ៅ កើតមានឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ បានព្រមានចិនកុំឲ្យចងសម្ព័ន្ធភាពយោធាជាមួយរុស្ស៊ី ដោយចោទប្រកាន់ចិនថា បានជួយជំរុញសេដ្ឋកិច្ចរបស់រុស្ស៊ី និង បដិសេធថ្កោលទោសប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។

បន្ថែលើនេះ លោក ស្តូលធិនប៊ឺគ បានអះអាងថា ការផ្គត់ផ្គង់សព្វាវុធទៅឲ្យសត្រូវរបស់អង្គការណាតូ នឹងក្លាយជាកំហុសប្រវត្តិសាស្ត្រជាមួយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ឆ្លើយតបនឹងការលើកឡើងរបស់ប្រមុខអង្គការណាតូខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ ណីង បាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាមេរិក និងប្លុកយោធានៃអង្គការណាតូ គឺផ្តល់ការទទួលខុសត្រូវដែលមិនអាចដោះស្រាយបានចំពោះសង្គ្រាមនៅអ៊ុយក្រែន។

លោកស្រីថា ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន ប្រទេសចិនបានប្រកាន់ជំហរដ៏ត្រឹមត្រូវ និងមានគោលដៅ។ ប្រទេសចិនកំពុងតស៊ូមតិក្នុងការដោះស្រាយវិបត្តិនយោបាយ និងធ្វើការចរចាដើម្បីសន្តិភាព ដែលនេះជាយុទ្ធសាស្ត្រមួយគាំទ្រដោយប្រទេសភាគច្រើនក្នុងពិភពលោក៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner