ពិព័រណ៍ផលិតផលកសិកម្មខ្មែរ ត្រូវបានប្រារព្ធនៅអគារខេមរានី
ភ្នំពេញ៖ពិព័រណ៍ផលិតផលកសិកម្មខ្មែរដែលរៀបចំឡើងដោយ សមាគម ពាណិជ្ជករវ័យក្មេងកម្ពុជានិងសមាគមពាណិជ្ជករកាណាដា ត្រូវបានប្រារព្ធកាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅ អគារ ខេមរានី នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងជាប្រធាន សហភាព សហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ ។
ចូលរួមក្នុងឱកាសនេះដែរមានប្រតិភូកម្ពុជាមកពីប្រទេសកាណាដា ចំនួន ៦០ នាក់ ដឹកនាំដោយលោក ជីវ សុខាល័យ ប្រធានគណៈកម្មា ធិការ សាខាបក្សប្រចាំខេត្តកេបិច។ចំណែកនៅក្នុងប្រទេស មានមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ វិស័យឯកជនចំនួន ប្រាំមួយ ក្រុមហ៊ុន និងសហគមន៍ចំនួន ១០សហគមន៍។
ផលិតផលកសិកម្មដែលយកមកតាំងបង្ហាញមានដូចជា អង្ករ (ប្រភេទអង្ករនាំចេញ) ចេកអំបូងលឿង ម្រេចស្វាយកែវ ល្មៀត (ស្រស់និងក្រៀម) មៀនប៉ៃលិន (ស្រស់និងក្រៀម) ស្វាយចន្ទី ស្ពៃក្ដោប ល្ហុង ក្រវាញ ស្លឹកគ្រៃ រំដេង ល្មៀត ទឹកឃ្មុំ ផ្លែសំរង ខ្យងចំពុះទាចំហៀង សាច់ឆ្អិន សាច់ឆ្អិនក្រៀម ត្រីស្ពង់ បង្គាក្រៀម ប្រទាលថ្លើមឆ្កែ កន្ត្រកចចូត ស្ករអំពៅ ។ល។
អ្នករៀបចំព្រឹត្តិការណ៍បានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោល បំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មតាមរយៈ ការ ភ្ជាប់ ទំនាក់ទំនង រវាងពាណិជ្ជករកម្ពុជានិងពាណិជ្ជករខ្មែរនៅកាណាដា។លើកទឹកចិត្តនិងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារកាណាដា។ដើម្បីសិក្សាវាយតម្លៃនិងប៉ាន់ប្រមាណពីផលិតផល សក្តានុពល របស់កម្ពុជាដែលអាចនាំចេញនិងប្រកួតប្រជែងជាមួយ ផលិតផលនាំចូលពីប្រទេសផ្សេងទៀតទៅកាណាដា។ដើម្បីពង្រីក លំហទីផ្សាររបស់កម្ពុជានិងបង្កើនលទ្ធភាពនៃការនាំចេញផលិតផលកម្ពុជា។បង្កលក្ខណៈឱ្យសហគ្រាសធុនតូចនិងមធ្យមសហគមន៍ មូលដ្ឋាន ស្វែងយល់ពីទីផ្សារ ។ពង្រឹងការដាំដុះការផលិត ការកែច្នៃ និងស្តង់ដារបច្ចេកទេស ។បង្កើនកិច្ចសហប្រតិបត្តិការ និងការ វិនិយោគលើវិស័យសក្តានុពលដូចជាកសិកម្ម ឧស្សាហកម្មពាណិជ្ជ កម្មទំនិញនិងសេវាកម្ម ហិរញ្ញវត្ថុនិង ថាមពល។កម្មវិធីនេះក៏ដើម្បី ជួយលើកកម្ពស់ផលិតផលខ្មែរការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននិងជួយដល់ការអភិរក្សធនធានធម្មជាតិរបស់កម្ពុជាផងដែរ។
គួរជម្រាបថាទំនិញនាំចេញ-នាំចូលរវាងកម្ពុជានិងកាណាដាក្នុង ឆ្នាំ២០២២កន្លងទៅមានទំហំទឹកប្រាក់ជាងមួយពាន់លានដុល្លារ។ក្នុងនោះទំនិញកម្ពុជាចម្បងៗនាំចេញទៅកាណាដារួមមាន សម្លៀក បំពាក់, ស្បែកជើង, បន្លែឬមើម, កាហ្វេ, ធញ្ញជាតិ, កប្បាស, ដែកថែប, គ្រឿងសង្ហារឹម, សម្ភារៈកីឡា,ផលិតផល គ្រឿងម្សៅ, អំបិល, ស្ពាន់ធ័រ, ម្នាងសិលា, សាប៊ូ, ក្រមួនកែច្នៃ ឬផលិតផល សម្រាប់ប៉ូលា, ប្លាស្ទិក, កៅស៊ូ,ក្រដាស។ល។
ចំណែកទំនិញកាណាដាចម្បងៗនាំចូលមកកាន់កម្ពុជារួមមាន យាន្តយន្ត, គ្រឿងម៉ាស៊ីន, ផ្លែឈើ ឬ គ្រាប់ផ្លែឈើ, ស្ករនិងស្ករគ្រាប់, កាកាវ, ភេសជ្ជៈ និងគ្រឿងស្រវឹង, ចំណីកែច្នៃសម្រាប់សត្វ, ផលិតផលឱសថជីកម្ទេចសាច់ឈើ។ល។៕