លោក ពូទីន និងប្រធានាធិបតីបេឡារុសពិភាក្សាគ្នាផ្នែកការពារជាតិ និងពាណិជ្ជកម្ម

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ បានពិភាក្សាគ្នារួចហើយ អំពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅជិតព្រំដែនប្រទេសសមាជិកអង្គការណាតូ។ ហើយពេលនេះ លោក ពូទីន និង លោក លូកាសិនកូ និយាយថា ពួកគេនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នាលើវិស័យពាណិជ្ជកម្ម និងការពារជាតិ។

មេដឹកនាំរុស្ស៊ី និងបេឡារុស ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងមូស្គូ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៣ ដោយលោក ពូទីន បាននិយាយយ៉ាងដូច្នេះថា យើងនឹងពង្រឹងសន្តិសុខនៃរដ្ឋសហភាពបន្ថែមទៀត ដើម្បីធានាដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរីកចម្រើន។

ចំណែកលោក លូកាសិនកូ បានមើលឃើញមេដឹកនាំលោកខាងលិចព្យាយាមដាក់សម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី និងបេឡារុស តាមរយៈការដាក់ទណ្ឌកម្ម។ លោកថា ការបរាជ័យរបស់មេដឹកនាំលោកខាងលិចក្នុងការធ្វើដូច្នេះ បាននាំឱ្យពួកគេព្យាយាមប្រើយុទ្ធសាស្ត្រផ្សេងទៀត។ លោក លូកាសិនកូ បន្ថែមថា មេដឹកនាំលោកខាងលិចបានចាប់ផ្តើមដាក់សម្ពាធយោធាមកលើពួកយើង តាមរយៈការដាក់ពង្រាយកងកម្លាំងណាតូនៅតាមព្រំដែននៃប្រទេសរុស្ស៊ី និងបេឡារុស។

សូមរម្លឹកថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសកាលពីខែមុនថា គាត់ចង់បញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួនទៅកាន់ប្រទេសបេឡារុស។ ក្តីសង្ឃឹមគឺថា ការដាក់ពង្រាយអាវុធប្រភេទនេះ អាចបំបាក់ទឹកចិត្តបណ្តាប្រទេសដែលគាំទ្រដល់អ៊ុយក្រែន៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner