មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ យុទ្ធនាការអន្ទាក់សូន្យនឹងជួយលុបបំបាត់អន្ទាក់ពីក្នុងព្រៃ និងជួយលុបបំបាត់ការបរិភោគសាច់សត្វព្រៃ

ខេត្តពោធិ៍សាត់៖ អន្ទាក់បានបង្កគ្រោះថ្នាក់ និង ជាឃាតករសម្លាប់សត្វព្រៃដ៏សាហាវដែលយើងត្រូវរួមគ្នាទប់ស្កាត់ ។ ជាមួយគ្នានេះយើងត្រូវលប់បំបាត់ការបរិភោគសាច់សត្វព្រៃនិងការសម្លាប់សត្វព្រៃពីព្រោះថាការបរិភោគសាច់សត្វព្រៃបង្កគ្រោះថ្នាក់ដល់សុខភាពមិនដូចជំនឿក្នុងស្រទាប់ប្រជាពលរដ្ឋមួយចំនួននោះឡើយ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ។

គួរបញ្ជាក់ថាក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរជំនាញពាក់ព័ន្ធបានបើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នៅវិទ្យាល័យពោធិ៍សាត់ក្នុងទីរួមខេត្តពោធិ៍សាត់នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ។ ការបើកយុទ្ធនាការនេះដែរក្នុងគោលបំណងសំខាន់កាត់បន្ថយនិងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។

ឯកឧត្តម រដ្ឋលេខាធិការ នេត្រ ភក្រ្តា បានមានប្រសាសន៍ថាតាមរយៈយុទ្ធនាការអន្ទាក់សូន្យកន្លងមកបានធ្វើឱ្យសត្វព្រៃ ដូចជាសត្វស្លាប សត្វព្រៃមួយចំនួននៅថេរ និងមួយចំនួនមាននិន្នាការកើនឡើង។ ទោះបីយ៉ាងណាក្តីសត្វព្រៃប្រភេទក្រចកជើងជំពាមមាននិន្នាការថយចុះដោយសារតែបញ្ហាអន្ទាក់នេះតែម្តង។

ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យដឹងដែរថា តាមរយៈយុទ្ធនាការនេះនឹងធ្វើឱ្យសត្វព្រៃមានសុវត្តិភាពក្នុងទីជម្រកចៀសផុតពីអន្ទាក់។អន្ទាក់ជាឃាតករសម្លាប់សត្វព្រៃដ៏សាហាវ ហើយទោះមានការដោះអន្ទាក់ប្រមាណ២០ភាគរយចេញពីតំបន់ធម្មជាតិ ហើយអន្ទាក់ជាច្រើនទៀតនៅបង្កប់ក្នុងព្រៃក្តី ប៉ុន្តែការចូលរួមគ្រប់ភាគីគេរំពឹងថានឹងជួយការពារសត្វព្រៃរបស់យើងជាក់ជាពុំខាន។

ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្រ្តា ឱ្យដឹងថា បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនៈគិរីកាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ ឆ្ពោះមកកាន់ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប។ ខេត្តទាំង ៦ នេះមានផ្ទៃដីតំបន់ការពារធម្មជាតិទំហំនិងជាតំបន់ដែលសម្បូណ៌សត្វព្រៃ ជាពិសេសប្រភេទសត្វកម្រៗជាច្រើនដូចជាដំរី សត្វកែះ សត្វខ្លាឃ្មុំជាដើម។

លោក សាយ សុជាតិ អភិបាលរង ខេត្តពោធិ៍សាត់បានថ្លែងបញ្ជាក់ក្នុងពិធីនេះដោយបានជំរុញឱ្យប្រជាពលរដ្ឋតាមតមបន់សហគមន៍និងពលរដ្ឋចូលរួមទប់ស្កាត់ការដាក់អន្ទាក់ក្នុងព្រៃសំដៅធ្វើយ៉ាងណាថែរក្សាឱ្យបាននូវសត្វព្រៃ ដែលជាធនធានមិនអាចកាត់ថ្លៃបាននៅក្នុងទឹកដីខេត្តពោធិ៍សាត់ទៅថ្ងៃខាងមុខ។ជាមួយគ្នាលោកឱ្យគ្រប់ភាគីចូលរួមការពារសត្វព្រៃ និងព្រៃឈើនៅកម្ពុជាទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់ ដែលតាមការឱ្យដឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា នោះគឺមានតំបន់ការ ពារធម្មជាតិចំនួន ០៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុប ៦៨៩ ២៩៧ ហិកតា ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner