ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០នាក់ បានទទួលព្រះរាជអំណោយព្រះមហាក្សត្រ ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៣
ភ្នំពេញ ៖ ក្នុងឱកាសត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស២០២៣ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បាននាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងអន្តរក្រសួងចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងឱកាសពិធី សូត្រមន្តទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំ២០២៣ ។
ពិធីនេះ ក៏បានយាងនិមន្ត សម្ដេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះមន្រ្តីសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំ្មថ្មី ព្រមទាំងបានចែកជូននូវអំណោយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញរាជធានីភ្នំពេញ ។
ឯកឧត្តម ឈិន កេតនា មានប្រសាសន៍ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នូវការយកព្រះហរទ័យគិតគួរពីសុខ ទុក្ខ ប្រជានរាស្រ្ត របស់ព្រះអង្គព្រះមហាក្សត្រ គ្រប់ពេលវេលា និង សូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ គោរព ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ មានព្រះជន្មាយុ យឺន យូរជាង រយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញា ញ្ញាណ ភ្លឺថ្លា ដើម្បីគង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុម រមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៅកាន់ប្រជាពលរដ្ឋថា បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយកតិ្តបណ្ឌិតនិងឈ្លាសវៃបំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូណ៌ ដែលនេះធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសអាចរៀបចំប្រារព្ធពិធីបុណ្យទានផ្សេងៗបានយ៉ាងសប្បាយរីករាយ ជាក់ស្ដែងដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ ពិសេសប្រមុខរាជរដ្ឋាភិបាលបានត្រួតត្រាបានជោគជ័យលើកជំងឺកូវីដ១៩៕
អត្ថបទ រូបភាព ង៉ាន់ ទិត្យ