ក្រពើភ្នំជាង១០០ក្បាលកំពុងបង្កាត់ និងចិញ្ចឹមថែរក្សានៅមជ្ឈមណ្ឌល បង្កាត់ពូជសួនសត្វភ្នំតាម៉ៅ

ពោធិ៍សាត់៖ អង្គការ សត្វព្រៃ និង រុក្ខជាតិអន្តរជាតិ ប្រចាំប្រទេស កម្ពុជា(FFI)កំពុងបង្កាត់និងចិញ្ចឹមថែរក្សាសត្វក្រពើភ្នំចំនួន ១០៨ ក្បាល នៅមជ្ឈមណ្ឌលបង្កាត់ពូជសួនសត្វភ្នំតាម៉ៅ នៅស្រុកបាទី ខេត្តតាកែវ។នេះបើតាមការបញ្ជាក់របស់ លោក លូ វន្នី ប្រធាន កម្មវិធីអភិរក្សដីគោកនៃអង្គការសត្វព្រៃ និង រុក្ខជាតិអន្តរជាតិ ប្រចាំប្រទេសកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យដំណាក់កាលទី២ នៅ ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣លោក លូ វន្នី បានឱ្យដឹងថា ក្នុងចំណោមសត្វក្រពើភ្នំដែលកំពុងត្រូវបានគេ បង្កាត់ និងចិញ្ចឹមថែរក្សានេះមានសម្បុកពងកូនចំនួនប្រាំសម្បុកដោយមានស៊ុតចំនួនសរុប១២៣គ្រាប់ ។ ស៊ុតទាំងនេះត្រូវបានដាក់ក្នុងទូភ្ញាស់។

លោកប្រធានកម្មវិធីអភិរក្សដីគោកនៃអង្គការ សត្វព្រៃ និង រុក្ខជាតិ អន្តរជាតិបានបញ្ជាក់ទៀតថា កម្ពុជានឹងខិតខំស្តារសត្វក្រពើ ភ្នំឡើង វិញពីព្រោះនៅលើពិភពលោកយើងនេះមានសត្វក្រពើភ្នំតែជាងមួយពាន់ក្បាលប៉ុណ្ណោះ។ក្នុងចំណោមនេះកម្ពុជាមានសត្វ ក្រពើភ្នំប្រមាណ ជាង៤០០ក្បាលរ។

លោកបន្តថា”អង្គការFFI កំពុងធ្វើការបង្កាត់ពូជមុនពេលលែងវា ចូល ទៅក្នុងតំបន់ធម្មជាតិវិញ។បច្ចុប្បន្ន មានអង្គការចំនួនបួន ដែលកំពុង សិក្សា និងក៏ដូចជាអភិរក្សទៅលើសត្វក្រពើភ្នំ”។

ដោយឡែក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថានបានថ្លែងថាក្រពើភ្នំគេឃើញមានវត្តមាននៅក្នុងប្រទេសកម្ពុជាមួយចំនួនដូចជាតំបន់ អារ៉ែង ខេត្កកោះកុង និងចុងក្រោយនេះ គេបានរកឃើញសត្វក្រពើភ្នំនៅតាមបណ្តោយដងទន្លេស្រែពកដែលស្ថិតនៅក្នុងភូមិសាស្រ្តជម្រកសត្វព្រៃស្រែពកក្នុង ខេត្តមណ្ឌលគិរី ដែល ការសន្និដ្ឋានជាបឋម ឃើញថាយ៉ាងហោចណាស់មានក្រពើ ភ្នំញី ឈ្មោលមួយគូ ហើយគេបានរកឃើញកូនរបស់វាចំនួនប្រាំបីក្បាល។សម្រាប់តំបន់ទាំងអស់នេះត្រូវបាន មន្រ្តីឧទ្យានុរក្សធ្វើការការពារ ជាប្រចាំ។

ទាក់ទិនសត្វក្រពើភ្នំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បាន ថ្លែង ថាក្រសួងបរិស្ថានកំពុងតែត្រៀមលក្ខណៈជាមួយអង្គកា រ WWFដើម្បីបង្កើនចំនួនសត្វក្រពើភ្នំនៅតាមតំបន់ទន្លេស្រែពកតាមរយៈការលែងកូនសត្វក្រពើភ្នំដែលបានតាមរយៈការភ្ញាស់។ជាមួយគ្នា នេះក្រសួងបរិស្ថានក៏បានកោតសរសើដល់អង្គការដៃគូ ក្នុងនេះរួមមាន អង្គការ WWF អង្គការFFI ក្នុងការបង្កាត់ពូជក្រពើភ្នំនាកន្លងមក។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា”តាមអ្វីដែលខ្ញុំទទួលបានគឺយើងបានធ្វើការបង្កាត់កូនក្រពើភ្នំច្រើន ហើយយើងបានលែងចូល ក្នុង តំបន់ការពារធម្មជាតិជាពិសេសតំបន់ទីជម្រកសត្វក្រពើភ្នំ”។

អ្នកនាំពាក្យដដែលបន្ថែមថាការបង្កាត់ពូជនេះមិនមែនជារឿងចម្លែក ហើយក៏ពុំមែនតែកម្ពុជាដែរ។សត្វមួយចំនួនដែលរងការ គំរាមកំហែង ជិត ផុតពូជគឺគេបានប្រើប្រាស់វិធីសាស្រ្តបង្កាត់ពូជហើយ លែង ចូលក្នុងជម្រកធម្មជាតិនិងបន្សាំក្នុងធម្មជាតិវិញ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកល មួយ សម្រាប់ការរស់រាននៃសត្វក្រពើភ្នំដែលត្រូវបានគេប៉ាន់ប្រមាណថា មាន ចំនួនសរុបចន្លោះពី ២០០ ទៅ ៤០០ ក្បាលកំពុងរស់នៅក្នុងទី ជម្រកធម្មជាតិនានាក្នុងប្រទេស។ ចំណែកនៅលើពិភពលោកចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបានប្រមាណមិនលើសពី ១ ០០០ ក្បាលឡើយ៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner