គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន កំពុងចលនាវិស័យឯកជនឲ្យចូលរួមវិនិយោគលើវិស័យអេកូទេសចរណ៍នៅកម្ពុជា

ភ្នំពេញ ៖ គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP បានរៀបចំកម្មវិធីជួបជុំជាមួយវិស័យឯកជនជាលើកដំបូង ក្នុងគោលបំណង ដើម្បីបង្ហាញជូនវិនិយោគិនទាំងអស់អំពីឱកាសសម្រាប់វិនិយោគលើវិស័យអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ការពារធម្មជាតិ នៃតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង នៅភោជនីយដ្ឋាន Waterside រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ។

ឯកឧត្តម សៅ សុភាព បានលើកឡើងថា CSLEP នឹងបង្កបរិយាកាសអំណោយផលដល់វិស័យឯកជន ដើម្បីចូលរួមវិនិយោគអភិវឌ្ឍន៍ អេកូទេសចរណ៍ និងភាពជាដៃគូររវាងរដ្ឋនិងឯកជន ក៏ដូចជាមួយសហគមន៍មូលដ្ឋាន ។ ឯកឧត្តម បន្ថែមថា «ការជួបជុំនាពេលនេះ គឺដើម្បីបង្កបរិយាកាសជូនដល់វិស័យឯកជនឱ្យបានជ្រួតជ្រាប និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានតាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាពិសេស តាមរយៈការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិដ៏មានសក្ដានុពលរបស់យើង ៕»

មកទល់បច្ចុប្បន្ននេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិបានចំនួន ៧៣តំបន់ និងរបៀងអភិរក្សជីវៈ ចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរនិង របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ)។ តំបន់ទាំងនេះ មានផ្ទៃដីសរុបប្រមាណជា៧.២ លានហិកតាស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ ផ្ទៃដីដ៏ធំធេងនេះ តម្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយស្មារតីទទួលខុស ត្រូវ និងធានាឱ្យមាននិរន្តរភាព។ តំបន់ការពារធម្មជាតិទាំងអស់នេះ មានសក្ដានុពលយ៉ាងធំធេងសម្រាប់លើកកម្ពស់និងជម្រុញ វិស័យ ទេសចរណ៍ ជាពិសេសអេកូទេសចរណ៍ ដែលក្នុងនោះមាន៖ ទេសភាពធម្មជាតិស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ សត្វស្លាប ទឹកធ្លាក់ ឆ្នេរ និងកោះស្រស់ស្អាត តំបន់បេតិកភ័ណ្ឌធម្មជាតិ និងវប្បធម៌ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ និងប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅកម្សាន្ត។

គួរបញ្ចាក់ដែរថា ដើម្បីពង្រឹង និងជួយសម្រួលដល់ការចូលរួមពីសំណាក់វិស័យឯកជនក្នុងការវិនិយោគអភិវឌ្ឍតំបន់ អូកូទេសចរណ៍ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម ១០(ដប់) ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និង របៀងអភិរក្សជីវចម្រុះ។ សៀវភៅនេះ នេះក៏បានចែកជូនដល់អ្នកចូលរួមទាំងអស់ក្នុងកម្មវិធីនេះផងដែរ។

CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថា ន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ មានគោលបំណង ធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលមាននឹងកំពុងអនុវត្តយ៉ាងសកម្មលើខេត្តគោលដៅចំនួន ៧ រួមមាន៖ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង ៕

ប្រភព ៖ ក្រសួងបរិស្ថាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner