ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្នែកដោះស្រាយវិវាទពាណិជ្ជកម្មដល់មន្រ្តីរាជការ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាស្តីពី “សេចក្តីណែនាំអំពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅកម្ពុជា” ដល់មន្រ្តីជំនាញនិងវិស័យឯកជនដើម្បីបញ្ជ្រាបការយល់ដឹងអំពីយន្តការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ សំដៅបង្កើនប្រសិទ្ធភាពក្នុងការសម្របសម្រួល និងដោះស្រាយបានលឿនរហ័ស ប្រកបដោយទំនុកចិត្តជូនដល់ធុរជនក្នុងស្រុក និងក្រៅស្រុក។
សិក្ខាសាលានេះធ្វើឡើងកាលពីថ្ងៃទី ៦ ខែមេសា ក្រោមកិច្ចសហការរៀបចំដោយ ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលមានការចូលរួមពីមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និងវិស័យឯកជនពាក់ព័ន្ធចំនួន ៧០នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានោះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកជំទាវ គង់ សិទ្ធិកា មានប្រសាសន៍ថា ការបង្កើតឱ្យមាននូវច្បាប់ស្តីពី មជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលអនុម័តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៦ គឺជាសក្ខីភាពមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកាតព្វកិច្ចអន្តរជាតិដើម្បីទាក់ទាញការវិនិយោគ តាមរយៈការបង្កើតឱ្យមានយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម ស្របតាមវិធានពាណិជ្ជកម្មអន្តរជាតិ។ លោកជំទាវបញ្ជាក់ថា មជ្ឈត្តការផ្នែកពាណិជ្ជកម្ម គឺផ្តល់ភាពងាយស្រួលដល់វិស័យឯកជនមកពីគ្រប់ជាតិសាសន៍អាចធ្វើការប្រកួតប្រជែងយ៉ាងមានទំនុកចិត្ត និងមានតម្លាភាព។
លោកជំទាវបន្ថែមទៀតថា ចំពោះកម្ពុជាវិញ ដោយកត្តាសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បរិយាកាសវិនិយោគមានភាពទាក់ទាញ និងលក្ខខណ្ឌអំណោយផលពីកត្តាខាងក្នុងនិងក្រៅបានធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគមានការកើនឡើងគួរឱ្យគត់សម្គាល់។
លោកជំទាវ គង់ សិទ្ធិកា បញ្ជាក់ថា៖«ចំណែកឯវិវាទពាណិជ្ជកម្មក៏កើនឡើងដែរ ដើម្បីដោះស្រាយនូវវិវាទនេះ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម(ម.ជ.ម) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ដែលជាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មតែមួយគត់នៅកម្ពុជា មានបេសកកម្មផ្តល់ជូននូវការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការប្រកបដោយអព្យាក្រិតភាព មនសិការ មិនរងឥទ្ធិពល និងមានប្រសិទ្ធិភាពខ្ពស់»។ រហូតមកដល់ពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានទទួលរឿងក្តីចំនួន ៣២ ករណី ដែលមានទំហំទឹកប្រាក់ច្រើនជាង ៩១ លានដុល្លារអាមេរិក។
លោកជំទាវ គង់ សិទ្ធិកា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីចំនួន ១០៧០១ ក្រុមហ៊ុន ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ ២០២១ មានត្រឹម ៧ ៦៧៧ ក្រុមហ៊ុន កើនឡើង ៣៩.៣៩ភាគរយ។
លោកជំទាវបន្ថែមថា ការកើនឡើងនៃចំនួនក្រុមហ៊ុននេះបានបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិវាទពាណិជ្ជកម្មរវាងធុរជនតែងកើតមានឡើងដោយយថាហេតុនៅក្នុងប្រតិបត្តិការអាជីវកម្ម ដែលតម្រូវឱ្យមានយន្តការដោះស្រាយវិវាទប្រកបដោយតម្លាភាព សុក្រិត្យភាព ភាពមិនលំអៀងតាមមធ្យោបាយប្រព័ន្ធតុលាការ ឬមជ្ឈត្តការពាណិជ្ជកម្ម។
ហេតុដូចនេះក្រៅពីប្រព័ន្ធតុលាការ យើងមើលឃើញពីតួនាទីយ៉ាងសំខាន់របស់មជ្ឈត្តការពាណិជ្ជកម្មនៅក្នុងការសម្របសម្រួល ផ្សះផ្សារ និងផ្តល់នូវដំណោះស្រាយដល់ភាគីវិវាទ ដែលជួយឱ្យធុរជនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា និងធុរជនក្នុងស្រុក ងាយដោះស្រាយវិវាទពាណិជ្ជកម្មបានលឿនរហ័ស ប្រកបដោយទំនុកចិត្ត»៕ដោយ៖សុខ រក្សា