កម្ពុជា-តួកគី បានជួបពិភាក្សាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជានិងក្រសួងពាណិជ្ជកម្មតួកគី បានជួបពិភាក្សាការងារក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២២សម្រេចបានជាង១៥០លានដុល្លារ ដោយកើនឡើង៧០ភាគរយបើធៀបនឹងឆ្នាំ​២០២១។

ជំនួបនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី៥ខែមេសា រវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Hüsnü Dilemre អគ្គនាយកទទួលបន្ទុកកិច្ចព្រមព្រៀងអន្តរជាតិនិងកិច្ចការសហភាពអឺរ៉ុបនៃក្រសួងពាណិជ្ជកម្មតួកគី និងមានវត្តមានចូលរួមពីលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ភាគីទាំងពីរ។  នេះបើតាមប្រភពក្រសួងពាណិជ្ជកម្ម។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច  ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងពិគ្រោះយោបល់លើលទ្ធភាពក្នុងការសិក្សាសមិទ្ធលទ្ធផល(Feasibility Study) ក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច។

ប្រភពខាងលើបន្តថា ភាគីទាំងពីរបានកត់សម្គាល់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យក្នុងការរៀបចំនូវកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ជាមួយនឹងលទ្ធផលជាផ្លែផ្កា ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ 

ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីកំណើននៃពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានក្នុងទំហំទឹកប្រាក់ ១៥២ លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២២ ដែលមានកំណើនប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០២១។ ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរយោបល់ជុំវិញយន្តការនានា សំដៅបន្តលើកកម្ពស់ការ
វិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងន័យនេះ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យមានការសហការស្អិតរមួតរវាងវិស័យឯកជន ពិសេសសភាពាណិជ្ជកម្មប្រទេសពីរ ។

កម្ពុជា-តួកគី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើលទ្ធភាពក្នុងការរៀបចំនូវការសិក្សាសមិទ្ធិលទ្ធផល ដើម្បីវិភាគលើផលចំណេញសេដ្ឋកិច្ច និងលទ្ធភាពរៀបចំកិច្ចព្រមព្រៀងភាពភាពជាដៃគូសេដ្ឋកិច្ច ឬ ក្រោមទម្រង់ណាមួយនាពេលខាងមុខ ក្រោយលទ្ធផលនៃការសិក្សាបញ្ចប់។

សូមបញ្ជាក់ថា ក្នុងឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបានប្រមាណ ១៥២ លានដុល្លាអាមេរិក ដែលក្នុងនោះទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅកាន់តួកគី រួមមាន សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីន និងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕ដោយ៖សុខ រក្សា

ads banner