ការផ្តល់សាច់ប្រាក់លើកទី២ ដល់គ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែមេសា ខាងមុខ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ដល់គ្រួសារប្រជាពលរដ្ឋដែលងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាចាប់ពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២៣ នេះតទៅ។នេះបើយោងតាមលិខិតស្តីពីការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃទី៧ ខែមេសាឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈសារលិខិតនេះថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យដំណើការកម្មវិធីដោយបានបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភលើកទី១ រួចរាល់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កន្លងមក។
សម្ដេចតេជោបានបញ្ជាក់ថា ៖ «តាមការសន្យារាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារ ប្រជាពលរដ្ឋគោលដៅដែលបានកំណត់អត្តសញ្ញាណរួច ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ»។
សារលិខិតបានបន្តថា គ្រួសារងាយរងហានិភ័យដែលបានកំណត់អត្តសញ្ញាណទាំងអស់រួមទាំងគ្រួសារងាយរងហានិភ័យទទួលបានប្រាក់ឧបត្ថម្ភលើកទី១ អាចទៅបើកប្រាក់ឧបត្ថម្ភ នៅតាមបញ្ជវីង (Wing)ណាមួយ ដែលនៅជិតកន្លែងរស់នៅ ដើម្បីទទួលបានសាច់ប្រាក់ឧបត្ថម្ភលើកទី២ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសនេះ។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុងអំឡុងពេលមានវិបត្តិ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់គ្រួសារប្រជាពលរដ្ឋកម្ពុជា ពិសេសគ្រួសារក្រីក ងាយរងគ្រោះ និងងាយរងហានិភ័យ។
សម្ដេចតេជោបានបញ្ជាក់ថា ៖ «ការអន្តរាគមន៍នេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការមិនបោះបង់នរណាម្នាក់ចោល និងបានបង្ហាញយ៉ាងច្បាស់អំពីភាពជាម្ចាស់ការ និងភាពជាអ្នកដឹកនាំ ដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយ ភាពធន់, សមធម៌, និងបរិយាបន្ន»។
រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ ប្រជាពលរដ្ឋកម្ពុជា និងដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ឱ្យបានទាន់ពេល តាមការចាំបាច់៕ ដោយ៖នាង សុគន្ធា