ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាពជាអាទិភាពធំចម្បងបំផុត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច។ ជាមួយនឹងសុខសន្តិភាព ដែលសម្រេចបានដោយលំបាក រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញពីផេះផង់នៃសង្គ្រាម រហូតបានក្លាយជាសេដ្ឋកិច្ចមួយប្រកបដោយថាមវន្ត និងមានភាពរស់រវើក តាមរយៈការដាក់ចេញ និងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយភាពប្រាកដនិយម និងដោយផ្តោតលើតម្រូវការជាក់ស្តែង ជីវភាព និងសុខទុក្ខរបស់ប្រជាជនជាធំ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Aeon Mall Mean Chey កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអបអរសាទរចំពោះសមិទ្ធផលផ្សារទំនើប Aeon Mall Mean Chey ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុន AEON Mall (Cambodia) Co., LTD នៅក្នុងប្រទេសកម្ពុជា ដែលពិតជាបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ស្មារតីសុទិដ្ឋិនិយម និងឆន្ទៈដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ជាពិសេសការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពធន់ និងរីកចម្រើនរឹងមាំ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវកំណើនយ៉ាងលឿន ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចរំដោះប្រជាជនជាច្រើនលាននាក់ចេញពីភាពក្រីក្រ និងបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងសំដៅទៅរកការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ពិតណាស់ សមិទ្ធផលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងនេះ គឺសម្រេចបានដោយសារការចូលរួម និងការលូតលាស់នៃវិស័យឯកជន ដោយមានការទ្រទ្រង់ពីរាជរដ្ឋាភិបាល តាមរយៈការបង្កភាពអំណោយផលដល់បរិយាកាសធុរកិច្ច និងការពង្រឹងការប្រកួតប្រជែងនៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី។ ក្នុងន័យនេះ រាជរដ្ឋាភិបាលតែងបានខិតខំប្រឹងប្រែង និងបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ សំដៅគាំទ្រដល់ការលូតលាស់របស់វិស័យឯកជន។ ជាក់ស្តែង ជាមួយនឹងការចូលរួមរបស់វិស័យឯកជន សេដ្ឋកិច្ចរបស់កម្ពុជាអាចងើបឡើងវិញចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៣% ក្នុងឆ្នាំ២០២១ ហើយសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានប៉ាន់ប្រមាណថាមានកំណើនប្រមាណ ៥,២% នៅឆ្នាំ២០២២ និងប្រមាណ ៥,៦% នៅឆ្នាំ២០២៣៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner