លោកស៊ី ជីនពីង យល់ព្រមពិភាក្សាជាមួយលោក ហ្សេលេនស្គី បន្ទាប់ពីមានការអន្តរាគមន៍ពីបារាំង
ប៉េកាំង៖ប្រធានាធិបតីរបស់ប្រទេសចិនលោក ស៊ី ជីនពីង( Xi Jinping) បានយល់ព្រមក្នុងការជួបពិក្សាជាមួយប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក វូឡូឌីមៀរ ហ្សេលេនស្គី(Volodymyr Zelensky) តាមរយៈការហៅតាមទូរសព្ទ។ការបើកភ្លើងខៀវនេះបន្ទាប់ពីប្រធានាធិបតីបារាំងលោក អេមម៉ានូណែល ម៉ាក្រុង(Emmanuel Macron) បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ខែមេសានេះ
ដើម្បីពិភាក្សាជុំវិញការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមរវាង រុស្សី និងអ៊ុយក្រែន។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា វាគឺជារឿងល្អណាស់ នៅពេលដែលឮថាលោក ស៊ី បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការនិយាយជាមួយនឹងលោកហ្សេលេនស្គី។
អ្នកស្រីក៏បានបន្ទផងដែរថា ៖«លោកស៊ី បាននិយាយថា ការសន្ទនានឹងកើតឡើងនៅពេលដែលមានលក្ខខណ្ឌនិងពេលវេលាត្រឹមត្រូវ»។
ការស្វែងរកសន្តិភាពពីប្រទេសមហាអំណាចចិនជុំវិញសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន នាពេលនេះក៏ដោយសារតែប្រទេសចិន ត្រូវបានគេដឹងថាមានសក្តានុពលយ៉ាងខ្លាំងក្លា នៅក្នុងការចរចាជាមួយនឹងប្រទេសរុស្សី ដែលជាដៃគូធំបំផុតរបស់ខ្លួន ។
ប៉ុន្តែក្រោយពេលកិច្ចប្រជុំត្រូវបានបញ្ចប់នោះ លោកស៊ី នៅមិនទាន់បានបញ្ចេញមតិទៅលើការសន្ទនាដែលអាចធ្វើទៅបានជាមួយ ហ្សេលេនស្គី នោះទេ។ ប៉ុន្តែលោកបានត្រៀមខ្លួនជាស្រេចដើម្បីហៅទូរសព្ចទៅលោក ហ្សេលេនស្គី ។
ម្យ៉ាងវិញទៀតនៅក្នុងកិច្ចពិភាក្សានេះ លោក ស៊ី ក៏បានបញ្ជាក់ជាថ្មីទៀតផងដែរថា អាវុធនុយក្លេអ៊ែរមិនគួរប្រើប្រាស់នៅក្នុងជម្លោះនោះទេ បន្ទាប់ពីរុស្សីបាននិយាយកាលពីសប្តាហ៍មុនថាខ្លួនគ្រោងដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស្ស ដែលមានព្រំដែនខាងលិចជាប់ជាមួយនឹងសម្ព័ន្ធមិត្តណាតូ។
មិនតែប៉ុណ្ណោះប្រសិនបើប្រទេសចិន ផ្តល់អាវុធទៅកាន់រុស្សី នោះវានឹងធ្វើការប៉ះពាល់យ៉ាងខ្លាំង ដល់សម្ព័ន្ធភាពរវាងប្រទេសចិន និងសហភាពអឺរ៉ុប។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោកម៉ាក្រុង(Macron) ក៏បានលើកឡើងពីទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិផងដែរ។
ក្នុងនោះគណៈប្រតិភូប្រចាំទីផ្សារផ្នែកអាកាសចរណ៍ដ៏ធំលំដាប់ទីពីរនិងរោងចក្រនុយក្លេអ៊ែររបស់បារាំង EDF ដែលបានអមដំណើរទៅជាមួយលោកម៉ាក្រុង ក៏បានធ្វើការចុះហត្ថលេខាព្រមព្រៀងដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនជាមួយទីផ្សារប្រទេសចិនផងដែរ ។
សូមបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ លោក ហ្សេលេនស្គី បានស្នើសុំឱ្យលោក ស៊ី ជួបពិភាក្សាជាមួយលោកម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ ។ ម្យ៉ាងវិញទៀត លោក ស៊ី ក៏ត្រូវបានពិភពលោកខាងលិចមើលឃើញថា ជាអ្នកអនុគ្រោះដល់ប្រទេសរុស្សីបន្ទាប់ពីការឈ្លានពានទៅលើអ៊ុយក្រែនផងដែរ៕ប្រែសម្រួល៖ ឡេង អារីតា