កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសុខភាពពិភពលោក ប្តេជ្ញាលើកកម្ពស់និងគាំពារសុខភាពសាធារណៈ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជារដ្ឋសមាជិកដ៏សកម្មរបស់អង្គការសុខភាពពិភពលោក(WHO) បានបង្ហាញការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការលើកកម្ពស់ និងគាំពារសុខភាពសាធារណៈ និងសមធម៌សុខាភិបាល​នៅក្នុងប្រទេស ក៏ដូចជានៅជុំវិញពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងស្ថាប័នទាំងពីរស្តីពីកម្ពុជាបង្ហាញសមិទ្ធសុខាភិបាលក្នុងពិធីអបអរសាទរខួបលើកទី៧៥របស់អង្គការសុខភាពពិភពលោក។

នាឱកាសទិវាសុខភាពពិភពលោក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាព ពិភពលោក (WHO) បានបង្ហាញសមិទ្ធផលជោគជ័យវិស័យសុខាភិបាលគួរឱ្យកត់សម្គាល់ជាច្រើនដែលសម្រេចបាននៅកម្ពុជា ដើម្បីអបអរសាទរគម្រប់ខួបលើកទី៧៥ នៃការបង្កើតអង្គការសុខភាពពិភពលោក (WHO) នាឆ្នាំ១៩៤៨ ក្រោមប្រធានបទ “សុខភាពសម្រាប់ទាំងអស់គ្នា” និងជាការចាប់ផ្ដើមយុទ្ធនាការរយៈពេលពេញមួយឆ្នាំប្រារព្ធពិធីអបអរសាទរ។ សេចក្តីប្រកាសបន្តថា ៖«រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបានសមិទ្ធផល ធំធេងលើគ្រប់វិស័យ ជាពិសេស ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់

និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅ លើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់។ល។»។ សេចក្តីប្រកាសបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកថែទាំ សុខភាពសហគមន៍ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាជនកម្ពុជាទាំងអស់ ដែលបានសហការជាមួយអង្គការសុខភាពពិភពលោក និងដៃគូសុខាភិបាលជាច្រើនផ្សេងទៀត

ក្នុងការចូលរួមចំណែកធ្វើឱ្យប្រជាជន កម្ពុជាកាន់តែមានសុខសុវត្ថិភាព និងសុខភាពល្អប្រសើរ។

ប្រភពដដែលបញ្ជាក់ថា៖«ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលសុខភាពគួរឱ្យកត់សម្គាល់ជាច្រើននៅក្នុងរយះពេលប៉ុន្មានទសវត្សកន្លងមកនេះ ដោយបានសង្គ្រោះអាយុជីវិតប្រជាជន និងធ្វើឱ្យសុខភាពរបស់ប្រជាជនកាន់តែប្រើសើរឡើង អាយុរំពឹងរស់បានកើនឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជា ហើយគិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់សម្រាប់ប្រជាជនម្នាក់ៗ គឺ៧៦ឆ្នាំ»។

សូមជម្រាបថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសុខភាពពិភពលោកនាឆ្នាំ១៩៥០ ដែលកាលនោះប្រទេសកម្ពុជាគឺ ជាសមាជិកសហភាពបារាំង ហើយចាប់តាំងពីពេលនោះរហូតមក អង្គការសុខភាពពិភពលោក បានក្លាយជាដៃគូសុខាភិបាលរបស់កម្ពុជា ដោយធ្វើការងារដើម្បីរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសកាន់តែមានសុវត្ថិភាព និងសុខភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា៕

ដោយ៖សុខ រក្សា

ads banner