សម្តេចតេជោ ហ៊ុន សែន៖ ក្នុងជីវិតនយោបាយរបស់សម្តេច តែងតែជោគជ័យរហូតមក តែសម្តេចមិនទាន់ប្រកាសថា «ខ្លួនជាគ្រូជោគជ័យទេ»
ភ្នំពេញ:ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងជីវិតនយោបាយរបស់សម្តេច តែងតែជោគជ័យជារៀងរហូតមក តែសម្តេចមិនទាន់ប្រកាសថា «ខ្លួនជាគ្រូជោគជ័យទេ» ហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ។(រាយការណ៍ដោយ កន្និកា)។
ទាក់ទងនឹងជោគជ័យសម្តេចតេជោ មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ពេលនេះ សម្តេច បានក្លាយជាមេដឹកនាំជោគជ័យម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោក។
សម្ដេចបានដឹកនាំប្រទេសនេះជិត ៤០ឆ្នាំមកហើយ ជោគជ័យធំៗដែលសម្ដេចសម្រេចបាន គឺមានដូចជា៖ ការវាយផ្ដួលរំលំរបបខ្មែរក្រហម ការសម្រេចបាននូវការចរចាសន្តិភាពសម្រាប់កម្ពុជា ការរំលាយនូវអង្គការចាត់តាំងខ្មែរក្រហមនៅឆ្នាំ១៩៩៨ ការដឹកនាំសេដ្ឋកិច្ច និងសង្គមជាតិ កាន់តែរីកចម្រើន។ នៅចុងក្រោយសម្ដេច បានដឹកនាំភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ផងដែរ ។
សម្តេច បានបន្ថែមថា កម្ពុជា បានប្រែក្លាយពីប្រទេសមួយ ដែលបែកបាក់ដោយសារសង្រ្គាម ក្លាយជាប្រទេសដែលមានការឯកភាពជាតិ ឯកភាពទឹកដី ហើយសម្តេច បានយកជីវិតធ្វើជាដើមទុនទៅប្តូរយកសន្តិភាព និងយកជីវិត ដើម្បីធ្វើកំណែទម្រង់រហូតប្រទេសជាតិយើង មានការរីកចម្រើនដូចសព្វថ្ងៃនេះ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ