សេតវិមាន ៖ លោក ចូ បៃដិន នឹងតស៊ូប្រឆាំងបំរាមប្រើប្រាស់ថ្នាំរំលូតកូន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី០៧ ខែមេសានេះ បានហៅការសម្រេចចិត្តរបស់ចៅក្រមសហព័ន្ធ ដើម្បីផ្អាកការអនុម័តឱ្យប្រើថ្នាំរំលូតកូនថា ជា “ជំហានដែលមិនធ្លាប់មានពីមុនមក ក្នុងការដកហូតសេរីភាពជាមូលដ្ឋានពីស្ត្រី”។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយសេតវិមានយ៉ាងដូច្នេះថា រដ្ឋបាលរបស់ខ្ញុំនឹងប្រឆាំងនឹងសេចក្តីសម្រេចនេះ (ការផ្អាកការអនុម័តឱ្យប្រើថ្នាំរំលូតកូន)។ លោក បៃដិន បន្ថែមថា សេចក្តីសម្រេចបែបនេះ ប្រសិនបើវាទទួលបានការគាំទ្រនោះ នឹងធ្វើឱ្យការអនុម័តប្រើប្រាស់ថ្នាំពេទ្យ ងាយរងគ្រោះពីការវាយប្រហារបែបនយោបាយ និងមនោគមវិជ្ជា។
ដោយឡែកអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បាននិយាយយ៉ាងដូច្នេះថា នេះគឺជាថ្នាំដែលទីភ្នាក់ងារម្ហូបអាហារ និងឱសថអាមេរិក (FDA) បានអនុម័តថា មានសុវត្ថិភាពកាលពី ២០ឆ្នាំមុន។ លោកស្រីថា ថ្នាំនេះត្រូវបានបង្ហាញថា មានសុវត្ថិភាពអស់រយៈពេល ២០ឆ្នាំមកហើយ។ ដូច្នេះនេះ គឺជា “គំរូដ៏គ្រោះថ្នាក់មួយ” នៅក្នុងសេចក្តីសម្រេចរបស់តុលាការ ដែលបញ្ឈប់ការចែកចាយ និងប្រើប្រាស់ថ្នាំរំលូតកូនដែលមានសុវត្ថិភាព។
លោកស្រីបន្ថែមថា លោកប្រធានាធិបតី បៃដិន និងខ្ញុំ នឹងឈរជាមួយស្ត្រីអាមេរិក ហើយធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធានាថា ស្ត្រីមានសិទ្ធិក្នុងការធ្វើការសម្រេចចិត្ត អំពីការថែទាំសុខភាពរបស់ពួកគេ និងការថែទាំសុខភាពបន្តពូជរបស់ពួកគេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា