ហ្វីលីពីននាំចេញផ្លែទុរេនដាំក្នុងស្រុកលើកដំបូងទៅកាន់ប្រទេសចិន

ម៉ានីល៖ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល នៅថ្ងៃទី០៨ ខែមេសានេះ បានបញ្ជាក់ថា ប្រទេសហ្វីលីពីនបានដឹកជញ្ជូនផ្លែឈើទុរេនស្រស់ជាលើកដំបូងទៅកាន់ប្រទេសចិន ពោលគឺបីខែបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើពិធីសារនៃការនាំចេញ “ស្តេចផ្លែឈើ” ឬ “King of fruits”។

ការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីន (PCO) បានបញ្ជាក់ថា ការនាំចេញផ្លែទុរេនដែលមានប្រភពមកពីអ្នកផលិត និងអ្នកកែច្នៃនៅក្នុងតំបន់ Davao ភាគខាងត្បូងប្រទេសហ្វីលីពីន បានឆ្លងកាត់តម្រូវការដ៏តឹងរ៉ឹងសម្រាប់ការនាំចេញទៅក្នុងទីផ្សារប្រទេសចិន។ ការិយាល័យនេះបន្តថា ការបន្ថែមការនាំចេញផ្លែទុរេនជាច្រើនផ្សេងទៀត នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសចិន តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស ឬសមុទ្រ តាមកប៉ាល់ដឹកទំនិញ។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីលីពីន លោក ហ័ង ស៊ីលាន បានបង្ហោះសារនៅលើបណ្តាញសង្គមថា ការអភិវឌ្ឍន៍ចុងក្រោយបំផុតនេះ អាចធ្វើឱ្យក្តីសុបិនរបស់កសិករក្លាយជាការពិត ហើយការជួញដូរផ្លែទុរេនអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ពួកយើង។

កាលពីខែមករាកន្លងទៅនេះ ប្រទេសចិន និងហ្វីលីពីនបានចុះហត្ថលេខាលើពិធីសារ ស្តីពីការនាំចេញផ្លែទុរេនស្រស់ ដែលបានបើកទីផ្សារប្រទេសចិនដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ផ្លែឈើត្រូពិច ដែលត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទន្ទឹមគ្នា រដ្ឋាភិបាលហ្វីលីពីនប្តេជ្ញាអនុវត្តផែនការធានាការនាំចេញផ្លែឈើដែលមានគុណភាពខ្ពស់ ខណៈដែលការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីន (PCO) បានអះអាងថា កិច្ចព្រមព្រៀងនាំចេញផ្លែទុរេន ត្រូវបានគេរំពឹងថា នឹងស្រូបទាញប្រាក់ចំណូលរាប់លានដុល្លារសម្រាប់ឧស្សាហកម្មទុរេនក្នុងស្រុក៕ ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner