មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រ កើតឡើងដោយសារការរក្សាបានសន្តិភាពពេញលេញ និងការគោរពប្រតិបត្តិដ៏ប្រពៃ ចំពោះព្រះពុទ្ធសាសនារបស់ប្រជាជនកម្ពុជា
កំពង់ធំ៖ នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លង និងកាត់ឬសសីមាព្រះវិហារ វត្តពោធិដំណាក់ ស្ថិតនៅភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៨មេសា ឯកឧត្តម ជា ចាន់តូ បានចាត់ទុកសមិទ្ធផលនានា និងព្រះវិហារធំស្កឹមស្កៃនៃវត្តពោធិដំណាក់ ដែលសម្ពោធឆ្លង និងកាត់ឬសសីមានាពេលនេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ និងជាការឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿយ៉ាងខ្ជាប់ខ្ជួន និងការគោរពប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនា របស់ប្រជាជនកម្ពុជាហើយក៏បានបង្ហាញនូវការគាំទ្ររបស់បងប្អូនចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។
ឯកឧត្តម ជា ចាន់តូ បានបន្តថា រាល់សមិទ្ធផល ដែលកើតមានក្នុងវត្តពោធិដំណាក់ គឺអាស្រ័យយើងមានប្រមុខដឹកនាំល្អ ដែលតែងតែគិតគូរពីសុខទុក្ខ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយរាល់ការលំបាកក្នុងជីវភាពរបស់ប្រជាជនយើង ជាពិសេស នៅតំបន់ជនបទ សំដៅសម្រេចបានការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ព្រមទាំងបានខិតខំកសាងសមិទ្ធផលជាច្រើន ទាំងក្នុងវិស័យអាណាចក្រ និងណុទ្ធចក្រ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម បានថ្លែងកោតសរសើរចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកផ្ដល់វិភាគទានដល់ការកសាងសមិទ្ធផលក្នុងវត្តពោធិដំណាក់ ឱ្យចេញជារូបរាងឡើងតាមគន្លងព្រះពុទ្ធសាសនា ហើយសកម្មភាពទាំងនេះ ជាកុសលធំណាស់ ។
ដើម្បីចូលរួមចំណែកក្នុងវិស័យមួយនេះ ឯកឧត្ដម ជា ចាន់តូ បានឩបត្ថមកម្មវិធី ១០លានរៀល, វត្តដំណាក់ ៤០លានរៀល-វត្តព្រះនង្គល ១០លានរៀល-វត្តស្រីរងិត ១០លានរៀល-វត្តស្វាយអៀ ១០លានរៀលវត្តគ្នំជីមូស ១០លានរៀលនិងបានចែកជូនដល់យាយជី តាជី ២០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា ២ម៉ឺនរៀល -សិស្សានុសិស្ស ២០០នាក់ ម្នាក់ៗ ទទួលបានសៀវភៅ បិច ខ្មៅដៃ ថវិកា១ម៉ឺនរៀល និងប្រជាពលរដ្ឋ ទទួលបានសារុង១ ផងដែរ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត