ក្រសួងបរិស្ថាន និង អាជ្ញាធរក្រុងក្រចេះរៀបចំយុទ្ធនាការ “កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន”
ភ្នំពេញ៖ ដើម្បីកាត់បន្ថយពីគ្រោះថ្នាក់នៃការប្រើប្រាស់ថង់ ប្លាស្ទិក និង ក៏ដូចជាចូលរួមថែរក្សាបរិស្ថាននោះក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលក្រុងក្រចេះ បានរៀបចំយុទ្ធនាការ “កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន”នាខេត្តក្រចេះ។
បញ្ជាក់ក្នុងពិធីនេះ ឯកឧត្តម ហង់ ចាន់ឌី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថានដែលតែងតែយកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថាន និងបានបង្កើតឱ្យមានយុទ្ធនាការនេះឡើង។
ឯកឧត្តម បានបន្តទៀតថា នៅខេត្តក្រចេះនេះ កាកសំណល់សំរាម មានប្រមាណ ៣៧តោនក្នុងមួយថ្ងៃ ដែល ៧០ភាគរយ នៃសំរាមបានយកទៅចាក់នៅទីលានចាក់សំរាម ប៉ុន្តែ ៣០ភាគរយទៀតគឺនៅពាសវាលពាសកាលនៅឡើយ ដូចនេះហើយទើបទាមទារឱ្យមានការចូលរួមថែរក្សាបរិស្ថាន ទៅតាមលំនាំស្អាត៣គឺ ស្អាតទឹក ស្អាតដី និងស្អាតខ្យល់។
ឯកឧត្តម ដាញ់ សេរី បានបញ្ជាក់ឱ្យដឹងថា មនុស្សម្នាក់ៗប្រើប្រាស់ថង់ប្លាស្ទិក៤-៥ថង់ ក្នុងមួយថ្ងៃ ដោយហេតុប្រព័ន្ធសេដ្ឋកិច្ចរីកចម្រើន តម្រូវការរបស់មនុស្សលើការប្រើប្រាស់ថង់ប្លាស្ទិកក៏មានកាន់តែច្រើន បើមើលទៅទីក្រុងភ្នំពេញ សំណល់ប្លាស្ទិកមានដល់ទៅ ១០លានថង់ក្នុងមួយថ្ងៃ និង ១លានតោនក្នុងមួយឆ្នាំ ដែលអាចយកទៅកែច្នៃបានមានតែ៣ភាគរយណ្ណោះ ជាហេតុគួរឱ្យបារម្ភ ដូច្នេះគឺតម្រូវឱ្យមានការចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយសំណល់ប្លាស្ទិច។
ទាក់ទិនក្នុងរឿងនេះឯកឧត្តម កែន សេរីរដ្ឋា បានសម្តែងនូវក្តីសោមនស្សរីករាយដែលបាននាំយុទ្ធនាការនេះមកកាន់ខេត្តក្រចេះ ដែលជាខេត្តដែលទើបតែទទួលបានជ័យលាភី ផ្ការំដួល២ទង ជាខេត្តមានទីក្រុងស្អាត ។
ឯកឧត្តម បានបន្តថា «យុទ្ធនាការដែលបានរៀបចំក្នុងថ្ងៃនេះ គឺជាការបំផុសស្មារតីរបស់សាធារណជនទូទៅឱ្យមានការប្រើប្រាស់ថង់ប្លាស្ទិកក្នុងភាគរយតិចបំផុត និងបញ្រ្ជាបការយល់ដឹងអំពីផលប៉ះពាល់នៃសំណល់សំរាម ជាពិសេសគឺសំណល់ប្លាស្ទិក ដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងគុណភាពបរិស្ថាន ព្រមទាំងឆ្លៀតឱកាសនេះអំពាវនាវឱ្យប្រជាពលរដ្ឋរួបរួមគ្នាដើម្បីកិច្ចគាំពារបរិស្ថាន និងបន្តផ្សព្វផ្សាយបន្ថែមទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជនទាំងអស់គ្នា ដើម្បីឱ្យភពផែនដីរក្សាបាននូវនិរន្តរភាព និងភាពស្រស់បំព្រងសម្រាប់មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ»។
សូមបញ្ជាក់ថា យុទ្ធនាការសម្រាប់ឆ្នាំ២០២៣នេះ បានរៀបចំឡើងក្នុងខេត្តចំនួន៣រួមមាន ខេត្តកោះកុង ខេត្តស្ទឹងត្រែង និង ចុងក្រោយគេគឺនៅខេត្តក្រចេះនេះ ដែលប្រព្រឹត្តឡើងក្នុងគោលបំណង ៖ ១)ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក ។ ២)ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន ។ ៣)ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក ៕ ដោយ ៖ ម៉ាដេប៉ូ