ចិន​បន្ត​ធ្វើ​សមយុទ្ធ​​ ខណៈ​អាមេរិក​ និង​តៃវ៉ាន់​ឃ្លាំ​មើល​ ចំ​ពេល​ដែល​ភាព​តាន​តឹង​កើន​ឡើង​ជា​ថ្មី​

​ប៉េកាំង៖ប្រទេស​ចិន​បន្ត​​ធ្វើ​សម​យុទ្ធ​នៅ​ថ្ងៃ​ទី​​២ ​​​ជុំ​វិញ​កោះ​តៃវ៉ាន់​​នៅ​​ថ្ងៃ​អាទិត្យ​​ទី​៩ ខែ​មេសា ​ខណៈ​​តៃវ៉ាន់​ និង​ស​ហរដ្ឋ​អាមេរិក​ ដែល​ជា​សម្ព័ន្ធ​មិត្ត​អះ​អាង​ថា​ ខ្លួន​កំពុង​តាម​ដាន​សកម្មភាព​របស់​យោធា​ចិន​យ៉ាង​​យក​ចិ​ត្ត​ទុក​ដាក់​។

សម​យុទ្ធ​យោធារយៈ​ពេល​បី​ថ្ងៃ​​របស់​ចិន​ ធ្វើ​ឡើង​ចំពេល​ដែល​ភាព​តាន​តឹង​​កើន​ឡើង​ជា​ថ្មី​ បន្ទាប់​ពី​ប្រ​ធា​នាធិបតី​តៃវ៉ាន់​ លោក​ស្រី​ សៃ អ៊ីងវិន ជួប​ប្រជុំ​ជាមួយ​​ប្រធាន​​សភា​​សហរដ្ឋ​​អាមេរិក​​ លោក ​​ខេវិន ​​ម៉េកខាធី​​ នៅ​សហរដ្ឋ​អាមេរិក​​កាល​ពី​ថ្ងៃ​ពុធ​។  ​​

បើ​តាម​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ សម្រាប់​​សម​យុទ្ធ​​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ខ្លួន​បាន​សង្កេត​ឃើញ​យោធា​ចិន​ប្រើ​យន្តហោះ​ចម្បាំង​ជាច្រើន​​គ្រឿង​​។ ក្រសួង​​​បាន​​ឱ្យ​ដឹង​ទៀត​​ ក្នុង​រយៈ​ពេល​ ២៤​ ម៉ោង​មុន​ ខ្លួន​​​ប្រទះ​ឃើញ​យន្តហោះ​ចម្បាំង​នៃ​កង​ទ័ព​អាកាស​ចិន​ចំនួន​ ៧១​​ គ្រឿង រួម​ទាំង​​​​​យន្តហោះ​ចម្បាំង​ Su-30 ​និង​ J-11​និង​នាវា​កង​ទ័ព​ជើង​ទឹក​ចំនួន​ ៩​គ្រឿង​ទៀត​ចូល​រួម​ក្នុង​សមយុទ្ធ​​នៅ​ជុំ​វិញ​កោះ​។ ​យន្តហោះ​ចម្បាំងចិន​ជាង​ពាក់​កណ្ដាល​ បាន​ហោះ​រំលង​លើ​បន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រតៃវ៉ាន់​។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ដដែល​ ​​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា ​យោធា​តៃវ៉ាន់​បាន​តាម​ដាន​សក​ម្ម​ភាព​យោធា​របស់​ចិន​ យ៉ាងជិត​​ស្និទ្ធ​តាម​រយៈ​ការ​រួម​គ្នា​ក្នុង​​​​​ប្រព័ន្ធ​ស៊ើបការណ៍​សម្ងាត់​ ការ​ឃ្លាំ​មើល ​និង​ឈ្ល​​ប​យកការណ៍​​ ​ស្រប​ពេល​ដែល​​កង​កម្លាំងការពារ​ដែន​អាកាស​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​​។

ចំណែក​​ឯ​​ស្ថាន​ទូត​​បណ្ដោះ​អាសន្ន​របស់​អាមេរិក​​ប្រចាំ​កោះតៃវ៉ាន់​វិញ​ បាន​និយាយ​​​នៅ​ថ្ងៃ​អាទិត្យ​ថា​ ស​ហ​រដ្ឋ​អាមេរិក​កំពុង​តាម​ដាន​សម​យុទ្ធ​របស់​ចិន​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់​យ៉ាង​​​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា​ និងមាន​ទំនុក​ចិត្ត​ថា​ ខ្លួន​មាន​​ធន​ធាន​ និង​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ធានា​សន្តិភាព​ និង​ស្ថិរភាព​​ក្នុង​​តំបន់​​​​។

អ្នក​នាំ​ពាក្យ​​ស្ថានទូត​ បាន​​បន្ថែម​ថា​ ​បណ្តាញ​ទំនាក់​ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​​ចិន​ នៅ​តែ​បើក​​ដំណើ​រការ​ ហើយ​សហរដ្ឋ​អាមេរិក​ បាន​ជំរុញ​ឱ្យ​មាន​ការ​អត់​ធ្មត់​ និង​​កុំ​ឱ្យ​​មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​។​​

គួរ​រំឭក​ថា​ ចិន​ទាម​ទារ​កោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ ​​ជា​ការ​ទាម​ទារ​ដែល​ក្រុង​តៃប៉ិ ​​​ប្រកែក​បដិសេធ​យ៉ាង​ដាច់​អហង្ការ​។ ជំនួប​រវាង​មន្រ្តី​តៃវ៉ាន់​ និង​​មន្រ្តី​កំពូល​ៗ​របស់​លោក​ខាង​លិច​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ ដែល​មិន​មាន​ទំនាក់​ទំនង​ការ​ទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់ផង​នោះ​​ តែង​ត្រូវ​បាន​ចិន​ចាត់​ទុក​ថា​ជា​ការ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​ «ឯករាជ្យ​តៃវ៉ាន់​»។

ជា​និច្ចកាល​ សកម្មភាព​បែប​នេះ​ ​តែង​តែ​រង​ការ​ឆ្លើយ​​តបពី​ប្រទេស​ចិន​ ​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​មន្រ្តី​លោ​ក​ខាង​លិច និង​តៃវ៉ាន់​​ និងការ​​បង្កើន​សកម្មភាព​យោធា​ជុំ​វិញ​កោះ​តៃវ៉ាន់​។​

កា​ល​ពី​ខែ​សីហា​ឆ្នាំ​មុន​ ភាព​តាន​តឹង​នៅ​តៃវ៉ាន់​បាន​កើន​ឡើង​ខ្លាំង​ ដោយ​សារ​តែ​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​របស់​ចិន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​តៃប៉ិ​ របស់​អតីត​ប្រធាន​សភា​​អាមេរិក​ លោក​ស្រី​ ណាន់​ស៊ី​ ប៉េឡូស៊ី​។ ជុំ​វិញ​សមយុទ្ធ​យោធា​ចុង​ក្រោយ​នេះ​ កង​ទ័ព​រំដោះ​ប្រជាជន​ (PLA) នៃ​បញ្ជា​ការ​កង​ទ័ព​ភាគ​ខាង​កើតរបស់​​ចិន បាន​និយាយ​កាល​ពី​ថ្ថៃ​

សៅរ៍​ ពោល​គឺ​ថ្ងៃ​ទី​១​នៃ​សមយុទ្ធ​ថា​​៖ «​នេះ​(សមយុទ្ធ​)​គឺ​ជា​ការ​ព្រមាន​ដ៏​ធ្ងន់​ធ្ងរ​ដល់​កង​កម្លាំង​បំបែក​ខ្លួន​ឯករាជ្យ​របស់​តៃវ៉ាន់ ​និង​ការ​ឃុប​ឃិត​ និង​ការ​បង្ក​ហេតុ​របស់​កង​កម្លាំង​ខាង​ក្រៅ ​ហើយ​វា​គឺ​ជា​សកម្មភាព​ចាំ​បាច់​មួយ​ដើម្បី​ការពារ​អធិបតេយ្យ​ភាព​ជាតិ​ និង​បូរណភាព​ទឹក​ដី​» របស់​ចិន​៕

ប្រែសម្រួល៖ហួន ឌីណា

ads banner