នាយករដ្ឋមន្ត្រីចាំផ្ទះលោក ប្រាយុទ្ធ៖ ការសន្យា​ចែក​​រូបិយប័ណ្ណ​ឌីជីថល​របស់​បក្សភឿថៃ​បង្ក​ហានិភ័យ​ខ្ពស់

ថៃ៖នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោក ប្រាយុទ្ធ ចាន់អូចា បានព្រមានពីគោលនយោបាយរបស់គណបក្សភឿថៃ ដែលសន្យាផ្តល់រូបិយប័ណ្ណឌីជីថលតម្លៃ ១០,០០០ បាត ដល់អ្នកបោះឆ្នោតថា ជាការប្រថុយប្រថានមួយ និងថាគណបក្សភឿថៃត្រូវ “ប្រុងប្រយ័ត្នបំផុត”ចំពោះយុទ្ធសាស្ត្ររបស់ខ្លួន ដែលអាចនាំឱ្យមានបញ្ហាដល់សេដ្ឋកិច្ចជាតិ ។លោកប្រាយុទ្ធ លើកឡើងបែបនេះក្នុងពិធីជួបជុំមួយជាមួយគណបក្សរបស់លោក នាទីក្រុងបាងកកកាលពីល្ងាចថ្ងៃសុក្រទី០៧ខែមេសា។

អតីតមេទ័ពដែលដឹកនាំរដ្ឋប្រហារយោធាទម្លាក់អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា រូបនេះឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សសហភាពជាតិថៃ(United Thai Nation Party ,UTNP)។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សភឿថៃបានសន្យាថានឹងផ្តល់ប្រាក់ចំនួនមួយម៉ឺនបាតជារូបិយប័ណ្ណឌីជីថល ទៅឱ្យពលរដ្ឋថៃគ្រប់រូបដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ប្រសិនបើខ្លួនជាប់ឆ្នោតបានដឹកនាំប្រទេស។ មន្ត្រីជាន់ខ្ពស់គណបក្សភឿថៃប្រកាសថា

ទឹកប្រាក់ជារូបបិយប័ណ្ណឌីជីថលនោះ នឹងត្រូវបានប្រគល់ឱ្យសម្រាប់អ្នកចង់ទទួលដើម្បីយកទៅចាយវាយទិញទំនិញផ្សេងនៅជិតៗលំនៅឋានរបស់អ្នកទាំងនោះ។

បេក្ខជននាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សភឿថៃ លោក ស្រេតថា ថាវីស៊ីន(Srettha Thavisin) បានថ្លែងថា ថវិ​កាប្រហែល ៥០០ពាន់លានបាតនឹងត្រូវចំណាយលើគោលនយោបាយនានាដែលគណបក្សភឿថៃបានដាក់ចេញដើម្បីដឹកនាំប្រទេស។ថវិ​កាទាំងអស់នោះ បានមកពីចំណូលពន្ធ និងការកាត់បន្ថយចំណាយមិនចាំបាច់មួយចំនួនផ្សេងទៀត។

នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ បានព្រមានថា រូបិយប័ណ្ណឌីជីថលមានហានិភ័យខ្ពស់ណាស់។ លោក​បាន​បន្ត​ថា រូបិយប័ណ្ណ​ឌីជីថល​គឺ​ជា​អរូបី ហើយ​មាន​តែ​ផ្អែក​លើ​ការ​ព្រមព្រៀង​គ្នា​រវាង​អ្នក​ប្រើ​និង​អ្នក​ផ្តល់​សេវាប៉ុណ្ណោះទើបអាចដំណើរការចាយវាយបាន។ លោកបញ្ជាក់

«អ្នកអាចមើលឃើញថាប្រព័ន្ធរូបិយប័ណ្ណឌីជីថលបានដួលរលំរួចហើយនៅក្នុងប្រទេសមួយចំនួន ដែលប៉ះពាល់ដល់ធនាគារ និងប្រជាជនរបស់ពួកគេ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ »។

លោកបន្ថែមថា គោលនយោបាយរូបិយប័ណ្ណឌីជីថលនេះនឹង​អាច​ដំណើរការ​បាន​លុះត្រា​តែ​មានការគាំទ្រពីរតនាគារ។ លោកប្រាយុទ្ធ៖ «UTNP(បក្សរបស់គាត់) មានការប្រុងប្រយ័ត្នខ្ពស់នៅពេលនិយាយអំពីថវិកា។ យើង

តែង​តែ​ធានា​ថា​វាអាច​អនុវត្ត​ទៅបាន ​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធផ្សេងៗ»។

លោក Prayut និយាយផងដែរថាគោលនយោបាយទាំងអស់របស់ UTNP គឺ “អាចអនុវត្តទៅបាន” និង “ចេញពីបេះដូង” ។ លោក​ថានៅពេលដែលលោកជាអ្នកដឹកនាំប្រ​ទេស លោក​បាន​សម្រេច​បាន​នូវ​គោលដៅ​មួយ​ចំនួនដែលបានសន្យារួចហើយ និង ​គ្រោង​នឹង​ធ្វើ​ការងារបន្ថែម​ទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ថៃ។

ប្រទេសថៃនឹងរៀបចំការបោះឆ្នោតជាសកលដើម្បីជ្រើសតាំងតំណាងរាស្ត្រនិងនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០០៣ដ៏ខ្លីខាងមុខនេះ៕

ដោយ៖វណ្ណ ស័ក្ដិ

ads banner