ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាតែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ហើយបំពេញនូវចន្លោះខ្វះខាតនានា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ហើយបំពេញនូវចន្លោះខ្វះខាតនានា ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។ ជាក់ស្តែងនៅក្នុងអាណត្តិនយោបាយខាងមុខ គឺដូចបានដាក់ចេញក្នុងកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជានឹងបន្ថែមការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ជាពិសេសការផ្តោតសំខាន់ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ វប្បធម៌ និងគណិតវិទ្យា (STEAM) ព្រមទាំងការពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំចំណេះដឹងទូទៅ តាមរយៈការពង្រឹងសមត្ថភាព គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ ព្រមទាំងនាយក និងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ ទន្ទឹមនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្ត ដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមគោរពដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្ត និងការតស៊ូអត់ធ្មត់គ្រប់យ៉ាងរបស់លោកគ្រូ-អ្នកគ្រូ នៅក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ការកសាងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ព្រមជាមួយនឹងកោតសរសើរ ចំពោះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងបានផ្តោតអាទិភាពលើការកកម្ពស់គុណភាពអប់រំនៅរាជធានីភ្នំពេញ ក៏ដូចជាការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ នាពេលកន្លងមក។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា អាជីពជាគ្រូបង្រៀន គឺជាអាជីពដែលទទួលបាននូវការគោរព ពីព្រោះគ្រូបង្រៀនមិនមែនត្រឹមតែជាអ្នកបង្រៀនចំណេះវិជ្ជានីមួយៗនៅសាលាប៉ុណ្ណោះទេ ប៉ុន្តែគ្រូបង្រៀនក៏ត្រូវបំពេញតួនាទីជាច្រើនទៀត ក្នុងនាមជាឪពុកម្តាយទីពីរ ជាអ្នកអប់រំសីលធម៌ សតិអារម្មណ៍ និងជាមគ្គុទេ្ទសក៍បង្ហាញផ្លូវជីវិតដល់សិស្សានុសិស្សទាំងអស់គ្រប់រូប ផងដែរ។ ដោយសារតួនាទីពិសេសទាំងអស់នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងបានសន្មតថា គ្រូបង្រៀនគឺជាអ្នកបម្រើសេវាសាធារណៈជួរមុខដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បំផុត តាមរយៈការពង្រឹងជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារពលិកម្មរបស់អ្នកជំនាន់មុន ជាពិសេសពលិកម្មដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា យើងបានចាកឆ្ងាយផុតពីស្ថានភាពដ៏លំបាកខ្វះខាតដូចកាលដែលទើបងើបចេញផុតពីរបបប៉ុលពត។ នាថ្ងៃអនាគត ដោយយោងទៅលើធនធានមនុស្សប្រកបដោយសមត្ថភាព រួមផ្សំនឹងគ្រឹះនៃសុខសន្តិភាពដែលយើងកំពុងមាន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងប្តូរផ្តាច់យកឱ្យបាននូវមោទកភាពជាតិ ក្នុងនាមជាប្រជាជាតិមួយដ៏រីកចម្រើន ប្រកបដោយអារ្យធម៌ និងមានប្រជាជនប្រកបដោយចំណេះដឹង ជំនាញ និងភាពថ្លៃថ្នូរ។ ក្នុងន័យនេះ ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូនឹងក្លាយជាកម្លាំងស្នូលមួយ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារៀនបន្ថែម និងការសម្រួលហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម។ រាជរដ្ឋាភិបាល ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ ព្រមទាំងការកែទម្រង់ជាច្រើន ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដូចជា ផែនការយុទ្ធសាស្រ្តវិស័យអបរំឆ្នាំ២០១៩-២០២៣ ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០ និងជាពិសេស ការកែទម្រង់ការប្រឡងក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត