ម្ចាស់ភោជនីយដ្ឋាននៅខេត្តពោធិ៍សាត់មួយចំនួនបានបង្ហាញការយល់ដឹងពីតម្លៃសត្វព្រៃ និងប្តេជ្ញាមិនលក់សាច់សត្វព្រៃដាច់ខាត
ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់មានម្ចាស់ភោជនីយដ្ឋានចំនួន៩ នៅខេត្តពោធិ៍សាត់ បានបង្ហាញពីការចូលរួមអភិរក្សសត្វព្រៃ និងពិសេសបានប្តេជ្ញាចិត្តមិនលក់សាច់សត្វព្រៃជូនភ្ញៀវជាអ្នកបរិភោគជាដាច់ខាត។
ការបង្ហាញពីការយល់ដឹងកាន់តែច្រើនឡើង និង ក៏ដូចជាមានការចូលរួមប្រយុទ្ធប្រឆាំងក្នុងការជួញដូរសត្វព្រៃ ការសម្លាប់សត្វព្រៃ ពីសំណាក់ម្ចាស់ភោគជនីយដ្ឋាននេះធ្វើឡើង បន្ទាប់ពីក្រសួងបរិស្ថាន និងអង្គការដៃគូ បានបន្តអនុវត្តយុទ្ធនាការអន្ទាក់សូន្យ បញ្ឈប់ការជួញដូរសត្វព្រៃ តំណាក់កាលទី២ នាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០២៣កន្លងមក ។
អន្ទាក់សូន្យ ជាយុទ្ធនាការ លុបបំបាត់អន្ទាក់ ការបរបាញ់ ក៏ដូចជាការជួញដូរសត្វព្រៃ។ គេឃើញថាតាមរយៈយុទ្ធនាការបន្តបន្ទាប់នេះបានធ្វើឱ្យ ម្ចាស់ភោជនីយដ្ឋានមួយចំនួន បានប្ដេជ្ញាចូលរួមយុទ្ធនាការជាមួយក្រសួង ដោយមិនធ្វើអាជីវកម្មសត្វព្រៃឡើយ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ក្នុងពិធី បើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នៅវិទ្យាល័យពោធិ៍សាត់ក្នុងទីរួមខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣បានឱ្យដឹងថា៖ ការបើកយុទ្ធនាការនេះដែរក្នុងគោលបំណងសំខាន់កាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។
ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបញ្ជាក់ថាមានភោជនីយដ្ឋានចំនួន៩នៅទីរួមខេត្តពោធិ៍សាត់ ប្រកាសជំហរមិនលក់មុខម្ហូបពីសាច់សត្វព្រៃ ជូនដល់ភ្ញៀវឡើយ ។
ក្នុងពិធីនេះ ឯកឧត្តម រដ្ឋលេខាធិការ បានប្រគល់ប័ណ្ណសរសើរដល់ម្ចាស់ភោជនីយដ្ឋាននិងមជ្ឈមណ្ឌលកម្សាន្តទាំងនេះផងដែរ។សម្រាប់ម្ចាស់ និងតំណាងភោជនីយដ្ឋាន និងមជ្ឈមណ្ឌលកម្សាន្តទាំង៩មានដូចជា៖ ហិបភីណាយ សេវេនឡាក់ ហ្សារ៉ាកាហ្វេ ស្ទឹងមាស ស្លាបមាស កាហ្វេឡាហ្គូស៊ី ម្លប់ស្វាយ មហាលាភ និងច័ន្ទមណ្ណី មណ្ណីច័ន្ទ សុខសាន្ត ប្តេជ្ញាចិត្តថា នឹងចូលរួមការពារ អភិរក្សធនធានធម្មជាតិ សត្វព្រៃ និងចូលរួមលុបបំបាត់អន្ទាក់ ទប់ស្កាត់ ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា ។
គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់ដែលតាមការឱ្យដឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា នោះគឺមានតំបន់ការពារធម្មជាតិចំនួន ០៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ៕ ដោយ៖ម៉ាដេប៉ូ