ឯកឧត្តម វង សូត ទទួលបានការគាំទ្របន្តដឹកនាំគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាអណត្តិថ្មី
ភ្នំពេញ ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆ្នាំ២០២២-២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយឯកឧត្តម វង សូត ប្រធានអាណត្តិចាស់ទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យបន្តដឹកនាំក្នុងអាណត្តិថ្មី។
សម្រាប់សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិស្ប៉េស្យ៉ាល់អូឡាំពិកកម្ពុជាមានចំនួន ១៣រូប ក្នុងនោះ ឯកឧត្តម វង សូត បន្តដឹកនាំជាប្រធាន អមដោយអនុប្រធាន៣រូប គឺឯកឧត្តម សែម សុខា ឯកឧត្តម មាស សារិន និងឯកឧត្តម ហឿង សុផុន ខណៈលោកឃ្លាំង ចន្ធូ ជាអគ្គលេខាធិការ និងលោក ចាប រតនា ជាអគ្គហិរញ្ញឹក។
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកចលនាកីឡាជនបញ្ញាខ្សោយនៅតាមបណ្តាខេត្តនានា។ ក្រៅពីនេះ យើងបានសហការជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ពួកគាត់បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនមានពិការភាព។
ឯកឧត្តមគូសបញ្ជាក់បន្ថែមថា ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកាពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបានជួយជំរុញ លើកទឹកចិត្ត និងជួយឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក គ្រូបង្វឹកជំនួយ ដោយមានចែងនៅក្នុងអនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការក្នុងការប្រកួតប្រជែងមុខជំនាញ ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វឹក គ្រូបង្វឹកជំនួយ។ «បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកំពុងស្តារ និងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជាឱកាសសម្រាប់លើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា ការផ្តល់នូវដីសម្បទាន សង្គមកិច្ច និងការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព។ ដោយឡែក អ្នកបច្ចេក ទេស អវយវៈសិប្បនិម្មិត និងរណប គឺមានតួនាទីចាំបាច់បំផុត ក្នុងការផលិតឧបករណ៍អវយវៈសិប្បនិម្មិត និងរណប នៅតាមមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា»។
ម៉្យាងវិញទៀត តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានបង្កើតនូវ ផែនការ យុទ្ធសាស្រ្ត ៥ឆ្នាំរបស់ក្រសួង ដោយបាន ចាត់ បញ្ចូល សុខមាល ភាព និងការស្តារ លទ្ធភាព ពលកម្ម ជាអាទិភាព មួយ ក្នុងចំណោមចំនុច អាទិភាពទាំង៧របស់ក្រសួង ។ ហើយ ចំណុច អាទិភាពនេះ កំពុងតែ អនុវត្ត ដោយ សេនាធិការរបស់ក្រសួង គឺ មូលនិធិជនពិការ និងនាយកដ្ឋានសុខុមាលភាព ជនពិការ ។
ឯកឧត្តម សែម សុខា បានអំពាវនាវដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ដល់ជនពិការខ្សោយសតិបញ្ញា សូមបន្តយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ ការត្រួតពិនិត្យសុខភាព និងចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំកកម្ពុជាបានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ កត្តាសំខាន់នោះ គឺការបំផុសការចូលរួមរបស់កីឡាករ កីឡា ការិនីជនបញ្ញាខ្សោយ ពីសំណាក់ឪពុក ម្តាយ អាណាព្យាបាល គ្រូបង្វឹក អ្នកស្ម័គ្រ ចិត្ត ជាពិសេសការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យកីឡាសម្រាប់ អ្នកទាំងអស់គ្នា៕ ចាន់ វិចិត្រ