ថៃដណ្តើមបានមេដាយមាសទាំង៥វិញ្ញាសានៃបុរេការប្រកួតកីឡាបាល់ទាត់លើតុ

ការប្រកួតកីឡាបាល់ទាត់លើតុ ត្រៀមស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣បានបញ្ចប់ដោយជោគជ័យ ខណៈថៃដណ្តើមមេដាយមាសទាំង៥វិញ្ញាសា។

ឯកឧត្តម ញ៉ាន សុខវិសាល ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា គូសបញ្ជាក់ថា ប្រភេទកីឡាបាល់ទាត់លើតុនេះនឹងត្រូវឲ្យប្រកួតសម្តែង ក្នុងស៊ីហ្គេម នាដើមខែឧសភា ឆ្នាំ២០២៣ ដោយមានមេដាយដូចប្រភេទកីឡាផ្សេងៗដែរ ប៉ុន្តែគ្រាន់តែមិនរាប់បញ្ជូលក្នុងបញ្ជីមេដាយផ្លូវការប៉ុណ្ណោះ។

ឯកឧត្តមសង្ឃឹមថា បន្ទាប់ពីស៊ីហ្គេម ២០២៣ នៅកម្ពុជា ប្រភេទកីឡាដ៏ពេញនិយមមួយនេះនឹងត្រូវដាក់បញ្ជូលឲ្យប្រកួតជាផ្លូវការ ក្នុងស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ខាងមុខ ក៏ដូចជារីកចម្រើននៅក្នុងតំបន់អាស៊ានផងដែរ។ ជាមួយគ្នានេះ ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តមបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាករ កីឡាការិនីនៃបណ្តាប្រទេសនានា ក្នុងការប្រកួតបុរេស៊ីហ្គេម ២០២៣ ដើម្បីឆ្ពោះទៅចូលរួមប្រកួតស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ឯកឧត្តម ញ៉ាន សុខវិសាល បានផ្តល់ការលើកទឹកចិត្តចំពោះការរៀបចំ និងការខិតខំរបស់កីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ត្រៀមដ៏មានសារៈសំខាន់មួយនេះ។ ជាមួយគ្នានេះ ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តមក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាមកពី៣ប្រទេសផ្សេងទៀត ដែលខិតខំចូលរួមគាំទ្រដល់ម្ចាស់ផ្ទះ កម្ពុជា នាពេលនេះ ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងជោគជ័យផងដែរ។

លោក អន ចន្ត្រាសំរិត អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានឱ្យដឹងថា ការប្រកួតបាល់ទាត់លើតុបុរេស៊ីហ្គេម រយៈពេល២ថ្ងៃនេះមាន៤ប្រទេសចូលរួម ដោយមាន៥ក្រុមចូលរួម ក្នុងនោះម្ចាស់ផ្ទះ ២ក្រុម។ គោលបំណងចម្បងនៃបុរេប្រកួតស៊ីហ្គេមនេះ គឺដើម្បីតេស្តសមត្ថភាពកីឡាករ កីឡាការិនី និងតេស្តសមត្ថភាពមន្ត្រីអាជ្ញាកណ្តាល ចៅក្រម រួមទាំងការរៀបចំរបស់មន្ត្រី មុនការប្រកួតស៊ីហ្គេម ជាផ្លូវការ ចូលមកដល់នាខែឧសភា ខាងមុខ។ ជាការកត់សម្គាល់ សម្រាប់គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីនៃបណ្តាប្រទេសចូលរួម លោកបានមើលឃើញថា ថៃខ្លាំងលើប្រភេទកីឡានេះ បន្ទាប់មកឥណ្ឌូណេស៊ី ខណៈកម្ពុជាទើបនឹងចាប់ផ្តើមហ្វឹកហាត់ចាប់ផ្តើមការហ្វឹកហាត់ ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជាអាចចូលរួមប្រកួតប្រជែងបាន។

គួរបញ្ជាក់ថា បុរេការប្រកួតនេះមានចំនួន៥វិញ្ញាសា ដូចគ្នានឹងវិញ្ញាសាដែលត្រៀមប្រកួតស៊ីហ្គេម លើកទី៣២ ដែរ ដោយក្នុងនោះមានវិញ្ញាសាឯកត្តជនបុរស-នារី គូបុរស-នារី និងចម្រុះ (បុរស-នារី)៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner