ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋលើពិព័រណ៍កេសរកូលកម្ពុជា
ភ្នំពេញ៖ អ្នកទស្សនាដែលជាប្រជាពលរដ្ឋ រួមទាំងអ្នកលក់ផ្កាកេសរកូលផង បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រភេទពូជកេសរកូល (ផ្កាអ័រគីដេ)និងបានចាត់ទុកថាការរៀបចំពិព័រណ៍កេសរកូលកម្ពុជា ដែលជាការផ្សព្វផ្សាយពីសារសំខាន់នៃកេសរកូល និងបង្ហាញសក្ដានុពលពូជផ្កាទាំងនេះឲ្យសាធារណជនបានស្គាល់ពីតម្លៃនៃការអភិរក្សប្រភេទរុក្ខជាតិ។
កំពុងដើរទស្សនាក្នុងពិព័រណ៍កេសរកូល លោក វិជ្ជា បានឱ្យដឹងថាពេលបានឃើញផ្កាកេសរកូលរបស់កម្ពុជា លោកមានការរំភើបសប្បាយរីករាយ។លោកមិនធ្លាប់គិតស្មានថាផ្កាកេសរកូលកម្ពុជាមានច្រើនប្រភេទ និងពិសេសបានបង្ហាញសម្រស់គ្មានពីរ ហើយថែមទាំងជាផ្កាប្លែកៗគួរចាប់អារម្មណ៍បែបនេះពីមុនមកសោះឡើយ។
កញ្ញា សៀក លុយ ជាអ្នកបានយកផ្កាកេសរកូលមកដាក់តាំងបង្ហាញ ក្នុងពិធីនេះដែរបានឱ្យដឹងថា៖ផ្កាកេសរកូលរបស់កញ្ញាមានច្រើនប្រភេទ និង ច្រើនព៌ណដែលផ្កានីមួយៗបង្ហាញពីសម្រស់និងព៌ណផ្សេងៗគ្នា។ផ្កាទាំងអស់នេះមានតម្លៃមូយទងចាប់ពី៥ដុល្លារឡើងទៅ។
ដោយឡែកកញ្ញា ស្រីពៅ អ្នកដាំផ្កាកេសរកូលមួយរូបបានបញ្ជាក់ប្រាប់ ដោយអំពាវនាវឱ្យពលរដ្ឋចូលរួមអភិរក្សកេសរកូលកម្ពុជាពីព្រោះថា ផ្កាប្រភេទខ្លះរកបានដោយកម្រណាស់ និងមានតម្លៃថ្លៃៗដែលយើងមិនអាចស្មានដល់។
ក្នុងការដាំផ្កាកេសរកូលរយៈពេល ៧-៨ឆ្នាំមកនេះ កញ្ញាបានប្រាប់ថាផ្កាកេសរកូលនៅក្នុងពិភពលោកនេះមានចំនួនតិចតួច ហើយក្នុងចំណោមនេះផ្កាប្រភេទខ្លះមានតិចបំផុតដែលយើងមិនអាចដាក់លក់តាមទីផ្សារបានឡើយ។ សម្រាប់ផ្កាកេសរកូលនេះមានច្រើនពូជដោយក្នុងចំណោមនេះមានពូជខ្លះក្រអូបពេលយប់ និងប្រភេទខ្លះទៀតក្រអូបពេលថ្ងៃ។ សម្រាប់តម្លៃសោតទៀតចាប់ពីមួយដើម២ដុល្លារ ខ្លះ៥ដុល្លារនិងខ្លះទៀតតម្លៃក៏លើសពីនេះច្រើនទៀត។
គួរបញ្ជាក់ថា“ពិព័រណ៍កេសរកូល” ដើម្បីអបអរសាទរវេទិកា កេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅ ប្រទេសកម្ពុជា” ប្រព្រឹត្តទៅពីថ្ងៃទី ៧-៩ ខែមេសា ឆ្នាំ២០២៣ នាផ្សារទំនើបអ៉ីអន១ រាជធានីភ្នំពេញ។
សូមបញ្ជាក់ដែរថា ពិព័រណ៍កេសរកូលកម្ពុជា ក៏បានបង្ហាញជូនអំពីប្រភេទរុក្ខជាតិ និងសមិទ្ធផលពាក់ព័ន្ធនានារួមមាន៖ កេសរកូលព្រៃ កេសរកូលបង្កាត់ រុក្ខជាតិតាំងលម្អ រុក្ខជាតិក្នុងសួន ប្រទាល រុក្ខជាតិឈើប្រណិតនិងហូបផ្លែ ផលិតផលកសិកម្មធម្មជាតិ ផលនិងអនុផលព្រៃឈើ រូបថតនិងគំនូរពាក់ព័ន្ធនឹងធម្មជាតិ ជីវៈចម្រុះ និងកេសរកូលជាដើម៕
អត្ថបទ:លោក ម៉ាដេប៉ូ
រូបភាព: លោក ងីម ឆៃហួត