សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយនាខេត្តស្ទឹងត្រែង ទទួលបានឱកាសក្នុងការនាំគ្រាប់កែច្នៃនាំចេញទៅកាន់ទីផ្សារអង់គ្លេស

អត្ថបទដោយ៖
CPA

ស្ទឹងត្រែង៖សិប្បកម្មHandcrafted Cashew ដែលជាសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ដែលមានទីតាំងនៅខេត្តស្ទឹងត្រែង ទទួលបានឱ​កាស​ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួច ទៅកាន់ទីផ្សារប្រទេសអង់គ្លេស នាពេលឆាប់ខាងមុខនេះ តាមរយៈប្រព័ន្ធអ​នុ​គ្រោះ​ពន្ធ DCTS (Developing Countries Trading Scheme នៃចក្រភពអង់គ្លេសបានចូលជាធរមាននៅខែមេសា ឆ្នាំ២​០​២៣នេះ។

លោកស្រី មុត ចរិយា ជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ ស្វាយចន្ទី ស្ទឹងត្រែង នេះបានប្រាប់ឱ្យដឹងថា លោកស្រីបាននិងកំពុងធ្វើកា​រ​ងារនេះ ជាមួយដៃគូសហការនៅប្រទេសអង់គ្លេស ដោយមានការជួយគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជាផង និងពីស្ថានទូ​តកម្ពុជានៅអង់គ្លេសផង។

លោកស្រីបានបន្ថែមថា ដោយសារតែកិច្ចការនេះទើបតែចាប់ផ្តើម សហគ្រាសមិនទាន់អាចបញ្ជាក់ថា អាចនាំចេញទៅកាន់អ​ង់គ្លេសបានប៉ុន្មានតោននៅឡើយទេ ដោយសារតែបច្ចុប្បន្ន កំពុងរៀបចំផ្ញើគំរូសាកល្បងទៅកាន់ក្រុមហ៊ុនជាដៃគូសហការ​ឱ្យគេត្រួ​តពិនិត្យគុណភាពជាមុនសិន។ ចំពោះមូលហេតុដែលសិប្បកម្មរបស់លោកស្រីអាចទទួលបានការអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារអង់គ្លេសបាននេះ ត្រូវបា​ន​លោកស្រី

មុត ចរិយា បញ្ជាក់ថា ៖ «ដោយសារតែការកែច្នៃរបស់យើងមានលក្ខណៈពិសេស ដោយគោរពទៅតាមគោលកា​រណ៍សុវត្ថិភាពចំណីអាហារ។ កន្លងទៅផលិតផលរបស់យើងបានផ្ញើទៅកាន់អាមេរិក ជប៉ុន ដោយទទួលបានការបញ្ជាក់ពីក​ន្លែ​ង​ពិសោធន៍នៃប្រទេសទាំងពីរនេះ ថាជាផលិតផលដែលមានគុណភាព និងមិនមានសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ដែ​លនាំចូលទៅកាន់ទីផ្សារអង់គ្លេសបាន»។

«មិនត្រឹមតែទីផ្សារអង់គ្លេសទេ សូម្បីតែទីផ្សារជប៉ុន និងកូរ៉េ ក៏យើងកំពុងត្រៀមនាំចេញទៅដែរ ដោយកូរ៉េយើងត្រៀមមួយកុងទីន័រ។ កន្លងទៅយើងធ្លាប់នាំចេញទៅអាមេរិក​ និងសិង្ហបុរី តែជាលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ ព្រោះជាការនាំចេញសាកល្បង ដើម្បីស្ទាបស្ទង់ទីផ្សារដែរទេ។ ហើយការចាប់អារម្មណ៍របស់ឯកអគ្គរាជទូតអង់គ្លេសមកលើផលិតផលយើង ខ្ញុំពិតរីក​រា​យមែនទែណ ព្រោះនេះជាឱកាសពង្រីកទីផ្សារចន្ទីរបស់យើង»។ នេះជាការបន្ថែមរបស់លោកស្រី មុត ចរិយា។

ចំពោះទីផ្សារក្នុងស្រុកវិញលោកស្រីបានបញ្ជាក់ថា សិប្បកម្ម Handcrafted Cashew បានចែកចាយនៅតាមផ្សារទំនើប និងបានសហការជាមួយក្រុមហ៊ុនចែកចាយនានា ដើម្បីផ្គត់ផ្គង់ផលិតផលគ្រាប់ស្វាយចន្ទីនេះ នៅតាមតំបន់ទេសចរណ៍សំខាន់ៗនៅ​ទូទាំងប្រទេសកម្ពុជា ជាពិសសខេត្តសៀមរាប។

ទាក់ទងនឹង​ការទទួលបានឱកាសនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានសាទរចំពោះ  សិប្បកម្ម កែច្នៃគ្រាប់​ស្វាយចន្ទី ស្ទឹងត្រែង ដែលទទួលបានឱកាសល្អ ក្នុងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអង់គ្លេសនេះ ដោយលោ​កអះអាងថា សមាគមចាំគាំទ្រ និងសហការជានិច្ច ដើម្បីឱ្យស្វាយចន្ទីកម្ពុជា កាន់តែមានកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។

លោក ស៊ីឡុត បានលើកឡើងដូច្នេះថា ៖ «សង្ឃឹមថា យើងនឹងអាចនាំចេញបានច្រើន ដោយសារបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបា​ននិងកំពុងខិតខំប្រឹង ក្នុងការទម្លាក់ទុនខ្លះៗដល់សហគ្រាសក្នុងស្រុក ប៉ុន្តែរាជរដ្ឋាភិបាលក៏មានការព្រួយបារម្ភក្នុងការរកទីផ្សាររបស់សហគ្រាសនីមួយៗផងដែរ»។

លោកបានបន្តថា ឥឡូវទីផ្សារបានមកប្រទេសយើង​ហើយ នៅខ្វះតែទុនបង្វិលខ្លះ តែខ្ញុំជឿជាក់ថាការកែច្នៃគ្រាប់ស្វាយចន្ទីរបស់យើងនឹងមានកំណើនថែមទៀត បន្ទាប់ពីរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម និងធនាគារ ARDB បានជួយជាមួយសមា​គម២ដង ដើម្បីពិភាក្សាលើរឿងនេះ ។

សូមជម្រាបថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS (Developing Countries Trading Scheme) នៃចក្រភពអង់គ្លេស ទើបតែបានចូលជាធរមាននៅខែមេសាឆ្នាំ២០២៣នេះ ខណៈដែលកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ៦៥ ពីប្រព័ន្ធអនុគ្រោះពន្ធនេះ។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS មានលក្ខណៈអំណោយផលខ្លាំងដល់ការនាំចេញផ​លិតផលបីប្រភេទ នៅក្នុងក៏មានស្វាយចន្ទីដែរ ដែលរាជរដ្ឋាភិបាលបាននិងកំពុងលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នកវិនិយោគឱ្យប​ង្កើនការកែច្នៃសម្រាប់ការនាំចេញ ដើម្បីឱ្យកម្ពុជា ក្លាយជាអធិរាជស្វាយចន្ទី នាពេលអនាគត៕

ដោយ៖វណ្ណ សុជាតា

ads banner