គម្រោងប្លាទីនៀមខស និងទឹករាំជាមួយភ្លើងចម្រុះទី១ នៅក្រុងព្រះសីហនុសម្ពោធឱ្យដំណើការ
ព្រះសីហនុ៖សាលពិព័រណ៍គម្រោងប្លាទីនៀម ខស( Platinum Coast) ផ្ទាំងផ្សព្វផ្សាយ 3D និងទឹករាំជាមួយភ្លើងចម្រុះទី១ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើការជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងការររីកចំរើន និងសក្តានុពលខេត្តព្រះសីហនុ ដែលបាននិងកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពហុបំណង។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុ ពិធីសម្ពោធដាក់ឱ្យដំណើការនេះ ធ្វើឡើងកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ ដែលនាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងថា ការសម្ពោធសាលពិព័រណ៍គម្រោង Platinum Coast ផ្ទាំងផ្សព្វផ្សាយ 3D និងទឹករាំជាមួយភ្លើងចម្រុះទី១ នាខេត្តព្រះសីហនុ ជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមមានប្រសាសន៍ថា ៖ «គម្រោងនេះពិតជាបានផ្តល់នូវការងារដល់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា»។
ឯកឧត្តម គួច ចំរើន បញ្ជាក់ទៀតថា ខេត្តព្រះសីហនុ មានសក្តានុពលដ៏លេចធ្លោជាមួយនឹងសន្ទុះ នៃការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាពវិនិយោគជាតិ និងអន្តរជាតិ បច្ចុប្បន្នខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និងប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បើតាមឯកឧត្តម គួច ចំរើន បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំ ចំនួន២២១ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង ដែលមាន៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះ ខេត្តព្រះសីហនុ សង្ឃឹមថានឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ ធ្វើពាណិជ្ជកម្ម និងការធ្វើទេសចរណ៍នៅខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ។ យោងតាមសម្រង់សម្ដីរបស់រដ្ឋបាលខេត្តព្រះសីហនុ លោក Cao Jun នាយកប្រតិបត្តិគម្រោង Platinum Coast បានថ្លែងដែរថា Platinum Coast ជាគម្រោងរមណីយដ្ឋានប្រណិតជាប់លំដាប់ពិភពលោក ត្រូវបានសាងសង់នៅក្នុងទីក្រុងទេសចរណ៍ វប្បធម៌ Sihanoukville New City of LIXIN មានទំហំដី ២,៥០០ហិកតា និងបង្កើតឡើងររវាងក្រុមហ៊ុន LIXIN Group និងក្រុមហ៊ុន Honchen Group។
លោកបន្តថា គម្រោងនេះហ៊ុមព័ទ្ធដោយធនធានធម្មជាតិមានទីតាំងជាប់នឹងភ្នំ បែរមុខទៅរកសមុទ្រ ហើយក៏ជាតំបន់ឆ្នេរសមុទ្រដំបូងគេនៃទីក្រុង Sihanoukville New City of LIXIN ជាមួយនឹងការបញ្ចប់ជាបន្តបន្ទាប់នៃគម្រោងធំៗមិនត្រឹមតែជាមជ្ឈមណ្ឌលទីក្រុងថ្មីសំខាន់របស់ក្រុងព្រះសីហនុនាពេលអនាគតទេ តែទីនេះក៏ជាគោលដៅទេសចរណ៍វប្បធម៌អេកូឡូស៊ីសកលលោក ដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍នៃគម្រោង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។
លោក Cao Jun ថ្លែងថា ការបើកដំណើរការផ្លូវល្បឿនលឿនគួបផ្សំជាមួយនឹងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំនេះ ទីក្រុងព្រះសីហនុបានផ្លាស់ប្តូរូបរាងថ្មី ខ្ញុំជឿជាក់ថា ក្រុងព្រះសីហនុមានឆ្នេរសមុទ្រស្រស់ស្អាតបំផុតក្នុងប្រទេសកម្ពុជា និងឈានទៅរកការរីកចំរើនកាន់តែខ្លាំងក្នុងវិស័យទេសចរណ៍ និងវិស័យដទៃទៀត។
គម្រោង PLATINUM COAST គឺសាងសង់នៅលើខ្នងភ្នំដល់បាតសមុទ្រ ដែលមានកម្ពស់ ២០០ ម៉ែត្រ ទៅតាមស្ថានភាពដី ធនធានធម្មជាតិពីខ្នងភ្នំ និងសមុទ្រ ដោយបានបែងចែកទៅជា ៧ តំបន់មានទាំងសមុទ្រមានទាំងភ្នំ និងឆ្នេរសមុទ្រពីរ។ តំបន់ទាំងនោះរួមមាន តំបន់កម្សាន្តមាត់សមុទ្រមានឆ្នេរខ្សាច់ពណ៌ផ្កាឈូក តំបន់លំហែមាត់សមុទ្រដ៏រ៉ូមែនទិក តំបន់លំហែផ្តល់អារម្មណ៍លំហែបែបផ្សងព្រេង តំបន់ពាណិជ្ជកម្មដែលទាក់ទង និងប្រធានបទមហាសមុទ្រដ៏អាថ៌កំបាំងតំបន់ពាណិជ្ជកម្មស្ថិតនៅចំកណ្តាល រវាង
សមុទ្រ និងភ្នំ តំបន់លំហែជ្រលងភ្នំនិងព្រៃឈើអាថ៌កំបាំង និងតំបន់ពាណិជ្ជកម្មអន្តរជាតិលំដាប់កំពូល៕
ដោយ៖គឹម យុត្ថារ៉ូ