ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ជប៉ុន ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហគមន៍ខ្មែរ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន និងសមាគមមិត្តយើង នៅថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ នៅសាលខេយ៉ាគី ក្រុងសាហ្កាមីហារ៉ា នៃខេត្តកាណាហ្កាវ៉ា ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត នៃកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម ហាំង តុលា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហរិញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង មានការ អញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ បងប្អូនខ្មែរ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅជប៉ុនទាំងអស់ សរុបប្រមាណជាង ៨០០នាក់។

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីតម្លៃនៃសន្តិភាព មានសារៈសំខាន់ជាងអ្វីៗទាំងអស់ សម្រាប់សុខុដុមនីយកម្ម និងការអភិវឌ្ឍ រីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្នុងព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នក្រោមការដឹកនាំដ៏ត្រឺមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី។

រាជរដ្ឋាភិបាល កម្ពុជា ប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈឲ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល សម្រេចបាននាពេលកន្លងទៅ ឲ្យបានគង់វង្ស មិនឲ្យបុគ្គលណា ក្រុមណា ប្ញ បរទេសណាមកបំផ្លាញទៅវិញបានឡើយ ។

ជាមួយគ្នានោះ ឯកឧត្តម ទុយ រី ក៏បានថ្លែងនូវការកោតសរសើរចំពោះ បងប្អូនកំពុងរស់នៅប្រទេសជប៉ុន ដែលមិនភ្លេចឡើយនូវការរក្សានូវទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរយើង បើទោះជារស់នៅធ្វើការ និងសិក្សា នៅក្រៅប្រទេសក្តី ។

ជាមួយគ្នានោះដែរ ឯកឧត្តម ហាំង តុលា លើកឡើងថា រាជរដ្ឋាភិបាលបានខិតខំបង្កើតឱកាសការងារនៅក្រៅប្រទេស ដែលមានប្រាក់ខែខ្ពស់ លក្ខខណ្ឌការងារល្អ និងផ្តល់នូវជំនាញបច្ចេកទេសច្បាស់លាស់ ដើម្បីជាជម្រើសបន្ថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ ដែលជាក់ស្តែងយើងមានកម្មសិក្សាការី និងពលករជំនាញប្រមាណជិត២ម៉ឺននាក់កំពុងធ្វើការនៅប្រទេសជប៉ុន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ក៏បានកោតសរសើរ និងថ្លែងអំណរគុណបងប្អូន ជាកម្មសិក្សាការី និង ពលករជំនាញ ចំពោះការចូលរួមគោរពច្បាប់របស់ម្ចាស់ផ្ទះបានល្អកន្លងមក និងលើកទឹកចិត្តបន្តថែរក្សាប្រពៃណីបែបនេះទៀត ។

កម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ក៏មានពិធីសាសនា ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងមានការទទួលទានអាហារសាមគ្គីគ្រួសារខ្មែរ ការរាំលេងកម្សាន្ត ការប្រគំតន្ត្រី ដែលមានវត្តមានតារាចម្រៀងពីប្រទេសកម្ពុជា និង ការលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកបដោយភាពសប្បាយរីករាយ ស្និទ្ធស្នាល និងសាមគ្គីភាព ក្រៃលែង ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner