កាកបាទក្រហមកម្ពុជា​ ជំរុញការផ្សព្វផ្សាយពង្រឹងសេវាសុខភាពបន្តពូជ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកប​ដោ​យ​ចីរភាពនៅឆ្នាំ២០៣០

អត្ថបទដោយ៖
CPA

បាត់ដំបង៖កាកបាទក្រហមកម្ពុជាបាននិងកំពុងជំរុញការផ្សព្វផ្សាយពង្រឹងសេវាសុខភាពបន្តពូជ នៅតាមសហគមន៍នានា នៅទូទាំងប្រ​ទេសកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអត្រាមរណៈរបស់មាតា ទារក និងកុមារឱ្យធ្លាក់ចុះទាបមកនៅកម្រិតអប្បបរមាបំផុត។

នេះជាការ​លើកឡើង​របស់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅក្នុងពិធីអប់រំផ្សព្វផ្សាយ ស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ ដើម្បីឈានទៅស​​ម្រេ​ចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០» ជូនដល់និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងយុវជនកាកបាទក្រហមកម្ពុជា នៃសាខាខេត្តបាត់ដំបង កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣។ តាមរយៈកាកបាទក្រហមកម្ពុជា លោកជំទាវ​​បាន​លើកថា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តែងតែចុះធ្វើសកម្មភាពអប់រំផ្ស​​ព្វផ្សាយជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស

និស្សិត​ ដែលនេះ​ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិ​តខំប្រឹងប្រែងកាត់បន្ថយអត្រាមរណៈរបស់មាតា ទារក និងកុមារឱ្យធ្លាក់ចុះទាបមកនៅកម្រិតអប្បបរមាបំផុត និងជួយដល់ស្ត្រី កុមារ ព្រមទាំងក្មេងស្រីជំទង់ ឱ្យមានសុខភាពរឹងមាំ ក្រុមគ្រួសារមានសុភមង្គល និងរី​កចម្រើន។

ទាក់ទងនឹងបញ្ហាសុខភាពនេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីកម្ពុជាបង្ហាញសមិទ្ធផលសុខាភិបាលក្នុងពិធីអបអរសាទ​រ​គម្រប់ខួបលើកទី៧៥ របស់ អង្គការសុខភាពពិភពលោក ដែលបានចេញនៅថ្ងៃទី៧ ខែមេសា ​​តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ក្នុង កា​រ​លើ​កកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងក្នុងការដឹកនាំឆ្ពោះទៅសម្រេចនូវគោលដៅ «សុខភាពស​ម្រា​ប់ទាំងអស់គ្នា»។

​បើតាម​សេចក្តីប្រកាសព័ត៌មានរួមនេះ លោកស្រី​ លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានកោតស​រសើ​​រកម្ពុជា​ចំពោះការដឹកនាំ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគលើវិស័យសុខាភិបាលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនាពេលអនាគតនៅកម្ពុជាដែល​ប្រទេសកម្ពុជាកំពុងសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយតម្រូវការសេវា សុខភាពរបស់ប្រជាជ​ននឹងបន្តកើនឡើង៕

ដោយ៖វណ្ណ សុជាតា

ads banner