អង្គការយូនីសេហ្វណែនាំអាណាព្យាបាលដែលមានកុមារតូចៗ ត្រូវរក្សាសុវត្ថិភាពកុមារ ក្នុងអំឡុងពេលធាតុអាកាសក្តៅខ្លាំង
ភ្នំពេញ៖អង្គការយូនីសេហ្វណែនាំឱ្យអាណាព្យាបាលដែលមានកុមារតូចៗត្រូវរក្សាសុវត្ថិភាពកុមារ ពីព្រោះកុមារងាយរងគ្រោះបំផុតដោយការវាយប្រហារពីកម្តៅ ដែលអាចឱ្យកុមារបាត់បង់អាយុជីវិតបានក្នុងអំឡុងពេលធាតុអាកាសក្តៅខ្លាំង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់អង្គការយូនីសេហ្វប្រចាំកម្ពុជាកាលពីថ្ងៃទី៨ ខែមេសា បានលើកឡើងថា កុមារ ងាយរងគ្រោះបំផុតដោយសារកម្តៅ ហើយការវាយប្រហារដោយកម្តៅ (Heatstroke) អាចឱ្យពួកគេស្លាប់បាន ហេតុនេះអង្គការយូនីសេហ្វសូមធ្វើការណែនាំខ្លះៗសម្រាប់ឪពុកម្តាយ ឬអាណាព្យាបាល ដើម្បីរក្សាសុវត្ថិភាពកូនៗរបស់ខ្លួន ក្នុងអំឡុងពេលធាតុអាកាសក្តៅខ្លាំងបែបនេះ។
អង្គការយូនីសេហ្វបានណែនាំថា ៖ «បើសិនជាយកទារកទើបនឹងកើត និងចេះដើរ ចេញក្រៅ គួរតែធ្វើនៅពេលព្រឹក ឬពេលរសៀល, កុមារគួរតែស្លៀកពាក់ខោអាវស្ដើង រលុង និងមានមួក, ត្រូវមានទឹកដោយឱ្យកុមារញ៉ាំឱ្យបានញឹកញាប់ និងកុំទុកកុមារតូចនៅក្នុងរថយន្តក្រោមកម្ដៅថ្ងៃតែម្នាក់ឯង»។ ប្រភពដដែលបន្តថា ប្រសិនជារកឃើញមានករណីកុមារ បានទទួលរងការវាយប្រហារដោយកម្តៅ ដែលមានអាការៈ ក្ដៅខ្លួនខ្លាំងលើសពី៤០ អង្សា ស្បែកស្ងួត ឬក្រហម បេះដូងលោតញាប់ ឈឺក្បាល រាក ក្អួត អស់កម្លាំង និងបាត់បង់ស្មារតីជាដើម
អង្គការយូនីសេហ្វថា ត្រូវតែបញ្ជូនកុមារទៅមន្ទីរពេទ្យជាបន្ទាន់ និងយកកុមារដាក់កន្លែងម្លប់ ឬបន្ទប់ម៉ាស៊ីនត្រជាក់ ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់។ បន្ថែមពីនេះទៀត ក៏ត្រូវឱ្យកុមារញ៉ាំទឹក ជូតខ្លួន និងមុខដោយទឹកត្រជាក់ ហើយនិងត្រូវស្អំក្បាលកុមារនឹងទឹកកកផងដែរ។
ជុំវិញរឿងនេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា សព្វថ្ងៃនេះ ធាតុអាកាសក្ដៅខ្លាំងបែបនេះ វាធ្វើប៉ះពាល់ទៅដល់កុមារ ងាយរងគ្រោះជាងមនុស្សចាស់ ពីព្រោះកុមារស្បែករបស់ពួកគាត់មានស្ថានភាពស្ដើងជាង និងងាយប្រែប្រួលទៅនឹងអាកាសធាតុ។ ដូច្នេះវានឹងធ្វើឱ្យកុមារត្រូវបាត់បង់ជាតិទឹក និងអាចប្រឈមនូវជំងឺរាក ក្អួត ខ្វះជាតិទឹកផងដែរ។
លោកថា ប្រសិនបើកម្ដៅកើនខ្លាំង វាអាចកើតជំងឺរលាកស្បែកថែមទៀត ដែលបញ្ហាទាំងអស់នេះវាអាចកើតជាការប្រឈមចំពោះមុខផង និងការប្រឈមយូរអង្វែងផង។
លោក នុត សម្បត្តិ បានថ្លែងថា «ដូច្នេះក្មេង មានគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលមានធាតុអាកាសក្ដៅខ្លាំង និងប្រែប្រួល វាអាចប៉ះពាល់ទៅដល់អាយុជីវិត ហើយឪពុកម្ដាយដែលមានក្មេងតូចៗ ក៏មិនត្រូវឲ្យក្មេងចេញទៅខាងក្រៅ ឬបើចេញទៅក្រៅ ត្រូវពាក់អាវឱ្យជិត មិនត្រូវឱ្យពួកគាត់ប៉ះនឹងពន្លឺថ្ងៃនោះទេ»។
ជាមួយគ្នានេះឯកឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា សម្រាប់ក្រសួងសង្គមកិច្ច ក៏កំពុងតែគិតគូរចំពោះបញ្ហាកុមារ ដែលងាយរងគ្រោះដោយសារការកើនឡើងកម្តៅនេះដែរ ព្រោះអ្វីដែលអង្គការយូនីសេហ្វបានណែនាំនេះ វាគឺជាអ្វីដែលក្រសួងកំពុងតែខ្វល់ខ្វាយផងដែរ។
លោកថា ក្នុងឆ្នាំនេះ ធាតុអាកាសមានស្ថានភាពក្ដៅ ខុសពីឆ្នាំធម្មតា ហេតុនេះអាណាព្យាបាលរបស់ក្មេងៗ ជាពិសេសក្មេងតូចៗ ត្រូវតែមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ក្នុងការមើលថែក្មេងៗទាំងនោះឱ្យល្អ ព្រមទាំងយកចិត្តដាក់ ដើម្បីចៀសវាងហានិភ័យសុខភាពណាមួយកើតឡើងលើក្មេងតូចៗទាំងនោះ។
ឯកឧត្តម តូច ចាន់នី ថ្លែងថា ឪពុកម្ដាយ ឬអាណាព្យាបាលរបស់ក្មេងតូចៗ គួរតែប្រុងប្រយ័ត្ន យកចិត្តទុកដាក់ក្នុងការមើលថែទាំក្មេងឱ្យបានល្អ ឲ្យបានយកចិត្តទុកដាក់ ពីព្រោះក្ដៅខ្លាំង អាចប៉ះពាល់ទៅដល់សុខភាពរបស់ក្មេងៗ ដែលនេះជាការអំពាវនាវរបស់ក្រសួង។
សូមរំឮកថា កាលពីដើមខែមេសាកន្លងមក ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវថែទាំសុខភាព និងបរិភោគទឹកឱ្យបានច្រើន ហើយក៏កុំស្ថិតនៅក្រោមកម្តៅថ្ងៃដោយផ្ទាល់យូរពេកដែរ៕
ដោយ៖ជា សុខនី