ក្រសួង​បរិស្ថានរួមជាមួយនឹងខេត្ត​ចំនួន​បីធ្វើយុទ្ធនាការ «​កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនិងផ្សព្វផ្សាយកន្ត្រកបរិស្ថាន»

អត្ថបទដោយ៖
CPA

ក្រចេះ៖«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនិងផ្សព្វផ្សាយកន្ត្រកបរិស្ថាន» គឺជាយុទ្ធនាការ​មួយដែល​ត្រូ​វបាន​ក្រសួងបរិស្ថាន រួមជាមួយនឹង​រដ្ឋបាលក្រុងក្រចេះ ខេត្តក្រចេះ បានរៀបចំឡើង​កាល​ពី​ចុង​សប្តាហ៍​នេះ។ ក្រសួង​បរិស្ថាន​បានឱ្យដឹងនៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៣ថា យុទ្ធនាការ​នេះបានធ្វើឡើង​ក្រោ​មអធិបតីភាពឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន,ឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងជាប្រធានស.ស.យ.ក

វិស័យបរិស្ថាន រួមជាមួយនឹងមន្រ្តីពាក់ព័ន្ធ​​ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារសាមគ្គីក្រុងក្រចេះប្រ​មាណ ៤០០នាក់។

យុទ្ធនាការនេះ ​ធ្វើ​ឡើងក្នុងគោលបំ​ណង ​ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោ​លការណ៍ស្ម័គ្រចិត្ត​, ​ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន និងចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។​

ឯកឧត្តម កែន សេរីរដ្ឋា បានថ្លែងឡើងនាឱកាសនោះថា លោកពិតជា​មានក្តីសោមនស្សរីករាយដែលបាននាំយុទ្ធនាការនេះមកកាន់ខេត្តក្រចេះនេះ​ ដែលជាខេត្តដែលទើបតែទទួលបានជ័យលាភី ផ្ការំ​ដួល២ទង ជាខេត្តមានទីក្រុងស្អាត។

លោកមានប្រសាសន៍​ថា ៖ «យុទ្ធនាការ​នាពេលនេះ ​ជាការបំផុសស្មារតីរបស់សាធារណជនទូទៅឱ្យ​មានការប្រើប្រាស់ថង់ប្លាស្ទិកក្នុងភាគរយតិចបំផុត និងបញ្រ្ជាបការយល់ដឹងអំពីផលប៉ះពាល់នៃសំ​ណល់សំរាម ជាពិសេសគឺសំណល់ប្លាស្ទិក ដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងគុណភាពបរិស្ថាន»។ ជាមួយគ្នានោះឯកឧត្តម កែន សេរីរដ្ឋា ក៏បា​នអំពាវនាវឱ្យប្រជាពលរដ្ឋរួបរួមគ្នាដើម្បីកិច្ចគាំពារបរិស្ថាន និងបន្តផ្សព្វផ្សាយបន្ថែមទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជនទាំងអស់គ្នា

ដើម្បីឱ្យភពផែនដីរក្សាបាននូវនិរន្តរភាព និងភាពស្រស់បំព្រងសម្រាប់មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ។

ចំណែក​ឯកឧត្តម ដាញ់ សេរី ក៏បាន​លើកឡើងដែរថា​ មនុស្សម្នាក់ៗប្រើប្រាស់ថង់ប្លាស្ទិក៤-៥ថង់ ក្នុ​ងមួយថ្ងៃ ដោយហេតុប្រព័ន្ធសេដ្ឋកិច្ចរីកចម្រើន តម្រូវការរបស់មនុស្សលើការប្រើប្រាស់ថង់ប្លាស្ទិកក៏មានកាន់តែច្រើន។ ឯកឧត្តមបញ្ជាក់ថា​៖ «បើមើលទៅទីក្រុងភ្នំពេញ សំណល់ប្លាស្ទិកមានដល់ទៅ១០លានថង់ក្នុងមួ​យថ្ងៃ និង១លានតោនក្នុងមួយឆ្នាំ ដែលអាចយកទៅកែច្នៃបានមានតែ៣ភាគរយប៉ុណ្ណោះ

ជាហេតុគួរឱ្យបារម្ភ។ដូច្នេះគឺតម្រូវឱ្យមានការចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក»។

បើតាមការ​លើកឡើងរបស់អភិបាលរងខេត្តក្រចេះ លោក ហង់ ចាន់ឌីថា ​នៅខេត្ត​ក្រចេះ​ កាកសំ​ណល់សំរាមមានប្រមាណ ៣៧តោនក្នុងមួយថ្ងៃ ដែល៧០ភាគរយ នៃសំរាមបានយកទៅចាក់នៅទីលា​នចាក់សំរាម ប៉ុន្តែ៣០ភាគរយទៀតគឺនៅពាសវាលពាសកាលនៅឡើយ។

លោកថា ដូចនេះ​ទើបទាមទារឱ្យមានការចូលរួមថែរក្សាបរិស្ថាន ទៅតាមលំនាំស្អាត៣គឺ ស្អាតទឹក ស្អាតដី និងស្អាតខ្យល់។

យោងតាមក្រសួង​បរិស្ថាន យុទ្ធនាការសម្រាប់ឆ្នាំ២០២៣នេះ បានរៀបចំឡើងក្នុងខេត្តចំនួនបីរួមមាន ខេត្តកោះកុង ខេត្តស្ទឹងត្រែង និងចុងក្រោយ​ គឺខេត្តក្រចេះ៕ដោយ៖នាង សុគន្ធា

ads banner