គ.ជ.ប៖ ដំណើរការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកទាំងប្រាំគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបញ្ជាក់ថា ដំណើរការទូទៅនៅថ្ងៃបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១(ការបោះឆ្នោតឡើងវិញ)ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែកនិងបង្កើតថ្មីទាំងប្រាំ ក្នុងខេត្តចំនួនបីនោះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
ក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី ទាំងប្រាំនោះ រួមមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល, ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំងប្រាំការិយាល័យ បានបើកដំណើរការបោះឆ្នោតព្រមៗគ្នានៅវេលាម៉ោង៧ព្រឹក សម្រាប់ឱ្យអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុង មុខតំណែង ចំណុះឱ្យក្រុង ស្រុក ពាក់ព័ន្ធ ធ្វើការបោះឆ្នោតតាមការកំណត់នៃច្បាប់។ គ.ជ.ប បានបញ្ជាក់ថា ៖ «ការិយាល័យបោះឆ្នោតទាំងអស់ត្រូវបានបិទបញ្ចប់ការបោះឆ្នោត
នៅម៉ោង ៨:២៥ ដោយសារ អ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការការិយាល័យបោះឆ្នោត បានបន្ត នីតិវិធី ដើម្បីរាប់សន្លឹកឆ្នោតជាបន្តបន្ទាប់»។
ប្រភពដដែលថា ៖ «ជារួម ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង»។
អ្នកនាំពាក្យគណបក្សហ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ដែលបានចូលរួមការបោះឆ្នោតនេះដែរ បានឱ្យដឹងថា នៅតាមឃុំសង្កាត់ នៃក្រុងស្រុកដែលបោះឆ្នោត គណបក្សលោកមិនមានបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់នោះទ។ ដូច្នេះ ជាលទ្ធផលគណបក្សហ៊ុនស៊ិនប៉ិចមិនទទួលបានសម្លេងគាំទ្រនោះទេ ប៉ុន្តែ អ្វីដែលសំខាន់ គឺគណបក្សបានបំពេញភារកិច្ច ដោយសង្ឃឹមថា នឹងមានរចនាសម្ព័ន្ធនៅពេលថ្ងៃអនាគត។
លោកបានបន្តថា ៖ «ដំណើការនៃការរៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ និងបង្ហាញពីជំហរលទ្ធិប្រជាធិតេយ្យ សេរីពហុបក្សដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងគ្រប់គណបក្សនយោបាយធំៗទាំង៣ នៅកម្ពុជា»។ ចំណែក លោក គឹមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ក៏បានប្រាប់ឱ្យដឹងដែរថា តាមរយៈលទ្ធផលបឋម គណបក្សភ្លើងទៀន បានបាត់ ២ អាសនៈ មួយនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ
និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ការបាត់នេះ ដោយសារតែមានការទិញដូរ ដោយគណបក្សមិនអាចគ្រប់គ្រងលើអង្គបោះឆ្នោតបាន។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ៖ «គណបក្សលោកនឹងមានវិធានការក្រោយការបោះឆ្នោត ទៅលើបុគ្គលណាដែលលក់ឧត្តមគតិ ព្រោះគណបក្សភ្លើងទៀនដែលចូលរួមការបោះឆ្នោតនេះ ដើម្បីបំរើឆន្ទៈរបស់ប្រជាពលរដ្ឋ។ ដូច្នេះ បុគ្គលណាដែលយកឧត្តមគតិ យកទៅឱ្យគេ ដែលគណបក្សយើងនឹងធ្វើការផ្លាស់ប្តូរ»។
ទោះជាយ៉ាងណា លោកថា លោកយល់ឃើញថា ដំណើការនៃការបោះឆ្នោតនេះ ប្រព្រឹត្តិទៅដោយរលូន និងមិនមានអ្វីជាបញ្ហាចោទនោះទេ ព្រោះជាការបោះឆ្នោតដោយតំណាង ដែលពួកគាត់យល់ដឹងច្រើនពីដំណើការនៃការបោះឆ្នោត។
ទន្ទឹមនឹងនេះដែរឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា គណបក្សលោកមានការសង្ឃឹម ១០០ ភាគរយ ចំពោះការបោះឆ្នោតនេះ ព្រោះអង្គបោះឆ្នោតភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា ហើយដំណើការបោះឆ្នោតទៀតសោត ក៏ប្រព្រឹត្តិទៅដោយរលូន និងត្រឹមត្រូវ ព្រោះអង្គបោះឆ្នោត សុទ្ធសឹងតែជាមានពិសោធន៍រួចហើយដែរ។ ជាមួយគ្នានេះឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប បានប្រាប់នារសៀលថ្ងៃទី៩ ខែមេសា ថា តាមរយៈលទ្ធផលបឋម គណបក្សប្រជាជកម្ពុជានាំមុខដាច់ គណបក្សពីរផ្សេងទៀត
នៅក្នុងការបោះឆ្នោតនេះ ខណៈគណបក្សភ្លើងទៀនឈរនៅលំដាក់លេខរៀងទី ២។
លោកបានបន្តថា ការបោះឆ្នោតនេះមានតែគណបក្សនយោបាយចំនួនបីបានចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊ុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន។
លោក សោម សូរីដា បញ្ជាក់ថា លទ្ធផលជាក់ស្តែងនឹងមានការផ្សាយផ្ទាល់តាមរយៈគេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕
ដោយ៖គឹម យុត្ថារ៉ូ