អ៊ីរ៉ង់នឹងប្រើកាមេរ៉ានៅកន្លែងសាធារណៈ ដើម្បីកំណត់អត្តសញ្ញាណស្ត្រីដែលមិនពាក់ហ៊ីចាប
តេហេរ៉ង់៖អាជ្ញាធរអ៊ីរ៉ង់នឹងដំឡើងកាមេរ៉ានៅតាមទីសាធារណៈ និងតាមដងផ្លូវនានា ដើម្បីកំណត់អត្តសញ្ញាណ និងផាកពិន័យចំពោះស្ត្រីដែលមិនពាក់ហ៊ីចាប។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលិសអ៊ីរ៉ង់កាលពីថ្ងៃទី៨ ខែមេសា ដែលថាវាជាចំណាត់ការថ្មីដើម្បីទប់ស្កាត់ការកើនឡើងនៃចំនួនស្ត្រី ដែលប្រឆាំងនឹងច្បាប់ស្លៀកពាក់។
ក្នុងសេចក្ដីថ្លែងការណ៍បញ្ជាក់ថា បន្ទាប់ពីអ្នកដែលបំពានច្បាប់ត្រូវបានកំណត់អត្តសញ្ញាណ ពួកគេនឹងទទួលបាននូវសារព្រមានអំពីផលវិបាក។ ចំណាត់ការចុងក្រោយធ្វើឡើងដើម្បី «ទប់ស្កាត់ការតស៊ូប្រឆាំងនឹងច្បាប់ហ៊ីចាប» ។ការប្រឆាំងនឹងច្បាប់ស្លៀកពាក់ ធ្វើឱ្យខូចដល់រូបភាពរបស់ប្រទេស និងធ្វើឱ្យភាពអសន្តិសុខរីករាលដាល។
សេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ទៀត ប៉ូលិសនឹង«មិនអត់ឱនចំពោះប្រភេទបុគ្គល ឬសកម្មភាពរួម និងសកម្មភាពណាមួយ ដែលបំពានលើច្បាប់ [ហ៊ីចាប] នោះទេ»។
គួរបញ្ជាក់ថា ការប្រកាសរបស់អាជ្ញាធរធ្វើឡើងចំពេលដែលការខឹងសម្បារលើក្រុមមេដឹកនាំនយោបាយរបស់ប្រទេសពីសំណាក់ប្រជាជនអ៊ីរ៉ង់ ជាពិសេសក្រុមស្រ្តីៗ ដែលប្រឆាំងនឹងការរឹតត្បឹតឱ្យពាក់ហ៊ីចាបបិទជិត។ គួររំឭកថា អ៊ីរ៉ង់ធ្លាក់ទៅក្នុងភាពចលាចលកាលពីខែកញ្ញាឆ្នាំមុន តាមរយៈការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ ដែលផ្ទុះឡើងក្រោយការស្លាប់របស់ជនជាតិកួដ វ័យ ២២ ឆ្នាំ នាង Mahsa Amini បន្ទាប់
ពីប៉ូលីសសីលធម៌ឃុំខ្លួននាងចំពោះការបិទពាក់ហ៊ីចាបមិនសមរម្យ។ បាតុកម្មតវ៉ា បានបក់បោកក្នុងប្រទេសអស់រយៈពេលជាច្រើនខែ ខណៈក្រុមបាតុកររងការបង្រ្កាបពីប៉ូលិសអ៊ីរ៉ង់យ៉ាងហិង្សា ស្របពេលអ្នកមួយចំនួនត្រូវបានចាប់ខ្លួន ហើយរងការកាត់ទោសប្រហារជីវិត។
ទោះយ៉ាងណាក៏ដោយ ខណៈមានការរឹតត្បឹតក្រោមច្បាប់ហ៊ីចាប គេសង្កេតឃើញស្រ្តីជាច្រើននៅតាមទីសាធារណៈផ្សេងៗនាពេលនេះ នៅតែបន្តមិនពាក់ហ៊ីចាបដោយលើកឡើងពីសិទ្ធិផ្ទាល់ខ្លួន ទោះបីជាប្រថុយនឹងការចាប់ខ្លួនក៏ដោយ៕ ប្រែសម្រួល៖ហួន ឌីណា