ប្រជាជនអ៊ីរ៉ាក់ផ្ទុះការតវ៉ា បន្ទាប់ពីការទម្លាក់គ្រាប់បែក នៅជិតព្រលានយន្តហោះ ក្នុងតំបន់ស្វយ័តជនជាតិឃឺដ

បាដាត៖ ប្រជាជនអ៊ីរ៉ាក់បានធ្វើបាតុកម្មតវ៉ា បន្ទាប់ពីការទម្លាក់គ្រាប់បែក នៅជិតអាកាសយានដ្ឋាន ក្នុងតំបន់ស្វយ័តជនជាតិឃឺដ។

ប្រជាជនលើកបដា និងទង់ជាតិឃឺដ អំឡុងពេលបាតុកម្មនៅទីក្រុង ស៊ូឡាយមែននីយ៉ាត (Sulaymaniyah) ក្នុងតំបន់ស្វយ័តជនជាតិឃឺដ ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដើម្បីប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់ទួរគី លើអាកាសយានដ្ឋាន ក្នុងតំបន់ កាលពីពីរថ្ងៃមុន។

ប្រធានាធិបតីអ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ បានថ្កោលទោសតួកគីចំពោះការទម្លាក់គ្រាប់បែកលើអាកាសយានដ្ឋានមួយនៅក្នុងតំបន់ស្វយ័តឃឺដ ខណៈដែលមេបញ្ជាការ កងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ហៅកាត់ថា SDF មានវត្តមាននៅទីនោះ។

កងកម្លាំង SDF បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកក៏មានវត្តមានក្នុងអំឡុងពេលឧប្បត្តិហេតុនៅក្រុង ស៊ូឡាយមែននីយ៉ាត ហើយមន្ទីរបញ្ចកោណក្នុងទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា “ក្បួនរថយន្តរួមទាំងបុគ្គលិកយោធាអាមេរិក” ត្រូវបានវាយប្រហារ។

ប្រធានាធិបតីអ៊ីរ៉ាក់ លោក អេបឌែល ឡាធីហ្វ រ៉ាស៊ីដ (Abdel Latif Rashid) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រតិបត្តិការយោធាទួកគីប្រឆាំងនឹងតំបន់ស្វយ័តជនជាតិឃឺដ នៅតែបន្តកើតមាន ដែលជាការទម្លាក់គ្រាប់បែកចុងក្រោយ កើតឡើងនៅឯអាកាសយានដ្ឋានស៊ីវិល ស៊ូឡាយមែននីយ៉ាត នាពេលនោះ។
សេចក្តីថ្លែងការណ៍មួយពីសន្តិសុខអាកាសយានដ្ឋានបាននិយាយនៅពេលនោះថា ការទម្លាក់គ្រាប់បែកនេះបានបណ្តាលឱ្យមានការផ្ទុះនៅជិតជញ្ជាំងព្រលានយន្តហោះ និងនាំឱ្យមានការឆាបឆេះ តែត្រូវបានគ្រប់គ្រងយ៉ាងឆាប់រហ័ស។

ប្រភពមួយនៅក្រសួងការពារជាតិទួកគីបានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសខ្លួន។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកវរសេនីយ៍ឯក ហ្វីលីព វេនធូរ៉ា (Phillip Ventura) បានប្រាប់ AFP ថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយ “សំណាងល្អមិនមានអ្នកស្លាប់បាត់បង់ជីវិតទេ” ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner