កាកបាទក្រហមកម្ពុជា រៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០»
ខេត្តបាត់ដំបង ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា បានរៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០» ជូនដល់និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងយុវជនកាកបាទក្រហមកម្ពុជា នៃសាខាខេត្តបាត់ដំបង សរុបប្រមាណ ២០០អង្គ/នាក់ ។
ថ្លែងក្នុងពិធីអប់រំផ្សព្វផ្សាយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានអនុញ្ញាតឱ្យនិស្សិត យុវជន បានចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពីសុខភាពបន្តពូជនាថ្ងៃនេះ។ ជាមួយគ្នានេះ ពាក់ព័ន្ធនឹងបញ្ហាសុខភាពនេះដែរ លោកជំទាវ បានគូសបញ្ជាក់ពីទិវាសុខភាពពិភពលោក ថ្ងៃទី៧ ខែមេសា ដែលជាខួបលើកទី៧៥ នៃការប្រារព្ធទិវាសុខភាពពិភពលោក គឺជាឱកាសមួយដើម្បីពិនិត្យមើលឡើងវិញនូវភាពជោគជ័យផ្នែកសុខភាពសាធារណៈដែលបានធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតក្នុងអំឡុងពេលប្រាំពីរទសវត្សរ៍ចុងក្រោយនេះ។
ក្នុងឱកាសនោះ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងអំពី អង្គការសហប្រជាជាតិ ដែលទទួលស្គាល់ស្នាដៃការងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយបានប្រគល់ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវគោរមងារចំនួន២ គឺ ទី១. ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានទទួលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងគោរមងារទី២ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានទទួលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១ ។
ជុំវិញបញ្ហាសុខភាពបន្តពូជ លោកជំទាវ ម៉ែន នារីសោភ័គ និងលោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើការផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពី សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដែលជាស្ថានភាពពេញលេញសុខុមាលភាព ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសង្គម, ការរៀបចំផែនការគ្រួសារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព, ការពិនិត្យសុខភាពមុនពេលរៀបការ, ការពិនិត្យផ្ទៃពោះយ៉ាងតិចឱ្យបាន ៤ដងមុនពេលសម្រាល, ការបង្ការ និងទប់ស្កាត់ជំងឺឆ្លង ជំងឺមិនឆ្លង ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ជាដើម ៕ ដោយ / គ្រី សម្បត្តិ