បាក់រលំអគារស្លាប់មនុស្ស នៅទីក្រុង Marseille របស់បារាំង
ម៉ាកសី៖ នៅក្នុងទីក្រុងម៉ាកសី (Marseille) ប្រទេសបារាំង មានករណីហេតុការណ៍ រលំអគារ បណ្តាលឲ្យស្លាប់មនុស្ស និងបាត់ខ្លួនមួយចំនួន។
អាជ្ញាធរនៅក្នុងប្រទេសបារាំង បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទ សប្តាហ៍នេះថា សាកសពមនុស្ស ២នាក់ ត្រូវបានរកឃើញនៅក្រោមគំនរអគារមួយដែលបានបាក់រលំ បន្ទាប់ពីមានហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ នាយករដ្ឋានពន្លត់អគ្គិភ័យបារាំង បានបញ្ជាក់ទៀតថា ដោយសារតែមានឧបសគ្គមួយចំនួន ការទាញយកសាកសពចេញពីទីតាំងកើតហេតុ អាចនឹងត្រូវ ចំណាយពេលវេលា ហើយទើបមានការបញ្ជាក់អត្តសញ្ញាជនរងគ្រោះ។ ការរកឃើញសាកសពមនុស្ស ២នាក់ខាងលើ ធ្វើឡើងរយៈពេល២៤ម៉ោង នៅក្រោយពេលមានហេតុការណ៍ផ្ទុះ ដ៏ខ្លាំង មួយលើអគារមានកម្ពស់ ៤ជាន់ក្នុងទីក្រុងម៉ាសី រីឯក្រុមអ្នកជួយសង្រ្គោះកាលពីថ្ងៃអាទិត្យនោះដែរ បាននិយាយថាពួកគេកំពុងស្វែងរកមនុស្ស៨នាក់ដែលបានបាត់ខ្លួន និងសង្ស័យថា កំពុងជាប់នៅក្រោមគំនរបែកបាក់។
យ៉ាងណាក៏ដោយ មូលហេតុបណ្ដាលឱ្យមានការបាក់រលំអគារ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយគ្រាន់តែមានសេចក្ដីរាយការណ៍បឋមថាការផ្ទុះបានបណ្ដាលឱ្យអគារចំនួន២ បាក់រលំ ហើយអគារទី៣ បាក់រលំមួយផ្នែក និងមនុស្សត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត