ស្ពានខ្សែកាបថ្មីឫស្សីកែវ ឆ្លងកាត់ទន្លេសាប បានដាក់ឱ្យដំណើរឆ្លងកាត់ ជាបណ្តោះអាសន្ន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ប្រជាពលរដ្ឋបាននាំគ្នាឆ្លងកាត់ដោយសប្បាយរីករាយ ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្នការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិនប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ។
ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ចាប់ពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ ទន្ទឹមនឹងនេះ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពី ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ផ្លូវមុខស្ពានដែកបេឡេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរឆ្លងកាត់ ស្ពានដែកបេឡេឫស្សីកែវផងដែរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទី សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងអរគុណដល់ក្រុមការងារជាវិស្វករ និងកម្មករទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាកន្លងមក ដោយសម្រេចបានសមិទ្ឋផលដ៏ស្រស់ស្អាតនេះ។ លោកលើកឡើងបែបនេះ នាពេលលោកចុះពិនិត្យផ្ទាល់នៅព្រឹកនេះ។
សូមបញ្ជាក់ថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ៕ ដោយ ៖
ហេង សម្បត្តិ