រដ្ឋសភារៀបចំពិធីសូត្រមន្តរាប់បាត្រ សម្តែងរបាំត្រុដិ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ សមាជិកសមាជិការដ្ឋសភា ជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំពិធីសូត្រមន្តបង្សុកូល រាប់បាត្រព្រះសង្ឃ ៩អង្គ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃចន្ទ ទី១0 ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដើម្បីសុំសេចក្តីសុខ និងសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការ និងប្រជាពលរដ្ឋទំាងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងមកដល់ក្នុងពេលឆាប់ៗនេះ។

សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ រួមជាមួយមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន វីវជន យុទ្ធជន ស្នេហាជាតិ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យដួងវិញ្ញាណក្ខន្ធលោកអ្នកទាំងអស់ ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាឆ្នាំថោះ ព្រះនាម កិមិរាទេវី សូមប្រោសប្រទានសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរជូនចំពោះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅឱកាសនោះ ក៏មានរៀបចំ ពិធីសម្តែងរបាំត្រុដិ ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុងការងារសម្រាប់ឆ្នាំថ្មីផងដែរ៕

ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner