ឯកឧត្តម សុខ សូកេន ៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ បានលះបង់គ្រប់យ៉ាងដើម្បីប្តូរយកសុខសន្តិភាព ឲ្យប្រជាពលរដ្ឋកម្ពុជា

កណ្តាល ៖ ឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ បានលះបង់កម្លាំងកាយចិត្ត និងយកជីវិតធ្វើជាដើមទុនក្នុងការនាំយកប្រទេសកម្ពុជាចេញពីភ្នក់ភ្លើងសង្រ្គាម ដោយបាននាំមកនូវសុខសន្តិភាពពេញលេញជូនប្រជាជនកម្ពុជាគ្រប់រូប ព្រមទាំង បានកសាងថែរក្សាការពារសុខសន្តិភាព បានយ៉ាងពេញលេញក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះ ដែលជាកត្តានាំឱ្យសង្គមកម្ពុជាទាំងមូលមានភាពសម្បូរសប្បាយ មានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជឿនលឿនឆ្ពោះទៅមុខ ហើយថែមទាំងមានកេរ្ត៍ឈ្មោះ និងទទួលបានភាពស្មើមុខស្មើមាត់ក្នងតំបន់ និងនៅលើឆាកអន្តរជាតិ ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៥៣នាក់ មកពីភូមិចំនួន០៩ នៅក្នុងឃុំស្អាងភ្នំ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ សូកេន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ជូនដល់សមាជិកសមាជិកាគណបក្សឃុំស្អាងភ្នំទាំងអស់។

ឯកឧត្តម មានជំនឿជាក់ថា សមាជិកថ្មីដែលទើបតែប្រកាសបញ្ចូលចំនួន ៦៥៣នាក់ នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមតាមរយៈកម្មវិធីនិងគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយរបស់គណបក្ស ព្រមទាំងរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងបក្ស និងចូលរួមចំណែកក្នុងការថែរក្សានិងការពារសុខសន្តិភាពដែលបានមកដោយលំបាកនេះឱ្យបានស្ថិតស្ថេរជាដ៏រាប។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា យើងត្រូវរក្សាឱ្យបាននូវគោលការណ៍«សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក» ហើយសមាជិកម្នាក់ៗត្រូវតែចលនាសាច់ញាតិបងប្អូនឱ្យគាំទ្រគណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ក៏បានដាក់ចេញជាអនុសាសន៍និងសំណូមពរដល់ក្រុមការងារចុះមូលដ្ឋាន និងគណបក្សឃុំស្អាងភ្នំ រួមទាំងសាខាបក្សភូមិទាំងអស់ឱ្យបន្តកិច្ចសហការ និងទំនាក់ទំនងជាមួយប្រជាជនឱ្យបានល្អ ពិសេសត្រូវសហការស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងជួយដោះស្រាយបញ្ហានានាក្នុងឃុំឱ្យមានប្រសិទ្ធភាព បន្តពង្រឹងការផ្ដល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ជម្រុញ ការធ្វើនិងពិនិត្យឯកសារសម្រាប់ការបោះឆ្នោត និងចូលរួមឱ្យបានសកម្មក្នុងការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី០៧ នៃរដ្ឋសភា ដើម្បីសម្រេចបានជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner