ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ”

ខេត្តស្វាយរៀង ៖ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ” ត្រូវបានរៀបចំធ្វើនៅទីរួមខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍ៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការជម្រុញចលនាភូមិ១ផលិតផល១ខេត្តស្វាយរៀង មានប្រសាសន៍ថា រដ្ឋបាលខេត្ត ដែលមានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្ត និងមន្ទីរអង្គភាពជំនាញជាសេនាធិការ បានសហការជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការនានាក្នុងខេត្ត បានធ្វើការពង្រឹង និងពង្រីកសមត្ថភាពដល់សហគមន៍ក្នុងប្រតិបត្តិការផលិត កែច្នៃ បង្កើតថ្មីនូវផលិតផលកសិកម្ម សិប្បកម្ម និងសេវាកម្មនានា ដោយមានការគាំទ្រទាំងផ្នែកស្មារតី និងបច្ចេកទេសពីគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានធ្វើឲ្យផលិតផលជាច្រើនមុខ ដែលផលិតបានដោយផលិតករនៅក្នុងខេត្ត ត្រូវបានទទួលស្គាល់ជាផលិតផលភូមិ១ផលិតផល១ ។ ឯកឧត្តមបន្តថា បច្ចុប្បន្ន ខេត្តស្វាយរៀង មានប្រជាពលរដ្ឋសរុប ចំនួន ១៦០.៦១១គ្រួសារ ស្មើនឹង ៦៧៤.៦៣៥នាក់, ភាគច្រើនប្រកបមុខរបរក្នុងវិស័យផលិតកម្មកសិកម្ម ប្រមាណជា ៥៤,៨% វិស័យសេវាកម្ម ៤៤,៥% និងប្រកបមុខរបរក្នុងវិស័យសិប្បកម្ម ប្រមាណជា ០,៧% ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរតាំងពីឆ្នាំ២០១៨ និងមានសារលិខិតអបអរសាទរ និងអនុសាសន៍ណែនាំដ៏មានតម្លៃពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ហើយសម្តេចតេជោជាមគ្គុទ្ទេសក៍ នាំយកទស្សនទានការងារជំរុញចលនាភូមិ១ផលិតផល១នេះពីប្រទេសជប៉ុន ក្នុងអំទ្បុងពេលដែលសម្តេច និងគណៈប្រតិភូកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីឆ្នាំ២០០៥ និងបានសម្រេចយកចលនានេះមកអនុវត្តនៅកម្ពុជា ហើយ រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមួយ ដោយតម្រូវឲ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែមេសា ។ ការខិតខំទាំងអស់នេះ គឺពិតជាសកម្មភាពមួយរស់រវើករួមចំណែកពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលធ្វើឲ្យកម្ពុជាសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ គឺត្រូវជំរុញការងារចលនាភូមិ១ផលិតផល១ អនុវត្តប្រទាក់ក្រទ្បាគ្នាដោយមានការចូលរួមពីគ្រប់ភាគី ដើម្បីយើងឈានទៅលើកកម្ពស់ផលិតផលខ្មែរ និងការស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក រួមចំណែកបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ខេត្តស្វាយរៀង ដែលជាខេត្តមួយមានសក្តានុពលទាំងវិស័យកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម និងទេសចរណ៍ ពិតជាខិតខំជួយជំរុញផលិតផលខ្មែរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត លើកកម្ពស់ជីវភាពប្រជាជនកាន់តែសម្បូរធូរធារ តាមរយៈការងារជំរុញចលនាភូមិ១ផលិតផល១ ៕ ប្រភព ៖ទីស្តីការគណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner