ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅកោះពេជ្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាល និងពិសារ អាហារ សាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច នៅកម្ពុជា នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះ ពេជ្រ ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ឧកញ៉ា តែ តាំងប៉ បានឱ្យដឹងថា ពិធីនេះមានការអញ្ជើញចូលរួម ពីសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន កិត្តិយស FASMEC, ឯកឧត្តម កិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧហ្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធានកិតិ្តយស FASMEC, អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធិសភា ជាអនុប្រធានកតិ្តយស FASMEC និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បប្រមាណ ៥០០០នាក់ ដែលរួមមានអនុប្រប្រធាន សមាជិកក្រុមប្រឹក្សាភិបាល សហការរី នៃសមាគមមូលនិធិសម្ដេចតេជោ ប្រធានសាខា FASMEC តាមបណ្តាលខេត្ត ដៃគូរអង្គការក្រៅរដ្ឋាភិបាល ធនាគារដៃគូរ ក្រុមហ៊ុនដៃគូរ និង សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាមកពី២៥ រាជធាននី និងខេត្ត។
វិស័យសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូន ប្រជាពល រដ្ឋកម្ពុជាទូទាំងប្រទេស។ មិនតែប៉ុណ្ណោះវិស័យនេះ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដោយក្នុងនោះ សហគ្រាស ជាង ៩០ភាគរយ នៅកម្ពុជា គឺជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែល បានផ្តល់ការងារជាង ៧០ភាគរយ ស្មើនឹងប្រមាណ ៥៨ភាគរយ នៃផលិត ផល ក្នុងស្រុកសរុប។
បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួន សរុប ជាង ៧០ម៉ឺនមូលដ្ឋាន ក្នុងនោះវិស័យកម្មន្តសាលមានប្រមាណ ៧ភាគរយ ស្មើ នឹង ជាង ៤ម៉ឺនមូលដ្ឋាន ហើយភាគច្រើន គឺប្រភេទកែច្នៃចំណីអាហារប្រមាណជា ៨០ភាគរយ។ ក្នុងនោះរោងចក្រធុនធំ មានជិត ២ពាន់មូលដ្ឋាន។
ដើម្បីដោះស្រាយផលលំបាក និងទ្រទ្រង់ដល់សកម្មភាព របស់វិស័យនេះ ដែលបង្កដោយជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាពិសេស ៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បង្កើតគម្រោងសហហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ក្នុងបដិភាគស្មើគ្នារវាង SME Bank និងគ្រឹះស្ថានធនាគា និងហិរញ្ញវត្ថុដែលចូលរួមចំនួន៣៣ និងផ្តល់ដើមទុន ២០០លានដុល្លារ សម្រាប់បង្កើតសាជីវកម្មធានាឥណទានកម្ពុជា៕ ដោយ វណ្ណលុក