ប្រធានសហព័ន្ធកីឡាម៉ូតូទឹក កម្ពុជា ជំរុញឲ្យកីឡាករនៅក្លិបអង្គរជេតស្គី ប្រឹងប្រែងហ្វឹកហាត់ដើម្បីទទួលបានលទ្ធផលល្អប្រសើរ នៅស៊ីហ្គេម
ភ្នំពេញ៖ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ណ្ធកីឡាម៉ូតូទឺកកម្ពុជា បានណែនាំឲ្យកីឡាករ នៅក្នុងក្លិបអង្គរជេតស្គីទាំងអស់ ពិសេសកីឡាករ ដែលជាប់ជាជម្រើសជាតិ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខនេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តមប្រធានសហព័ន្ធ បានបញ្ជាក់ថា ដើម្បីក្លាយជាកីឡាករល្អបានត្រូវយកចិត្តទុកដាក់គោរពវិន័យ ស្ដាប់ការណែនាំរបស់គ្រូបង្វឹក ខិតខំហ្វឹកហាត់ និងត្រូវចេះថែទាំសុខភាព សម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះសុខភាពគឺជាកត្តាសំខាន់បំផុតដើម្បីឈានឆ្ពោះទៅរកជ័យជំនះ។ ជាមួយនេះ មិនត្រូវប្រើប្រាស់ថ្នាំ ឬភេសជ្ជៈលើកកម្លាំង ដែលជាសារធាតុហាមឃាត់ក្នុងវិស័យកីឡាជាដាច់ខាត។ ឯកឧត្តមប្រធាន បានលើកឡើងដូចនេះ ក្នុងឱកាស សំណេះសំណាលជាមួយកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា នៅក្លិបអង្គរ ជេតស្គី នាទីតាំងបឹងកំសាន្ដ តាថាច យាយថា ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្ដាល។
ឯកឧត្តម បានអះអាងថា គណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធនឹងពិភាក្សា រៀបសិក្ខាសាលា ដោយអញ្ជើញ អ្នកជំនាញផ្នែកមេកានិក ពិវិទ្យាស្ថានជាតិនានាដើម្បីធ្វើការបណ្ដុះបណ្ដាលដល់អ្នកជំនាញរបស់យើង។ ឯកឧត្តម ណុះ ស្លេះ បានផ្ដាំផ្ញើដល់ កីឡាករទាំងអស់ ត្រូវចេះស្រឡាញ់គ្នា ត្រូវរួមសាមគ្គីគ្នាជាធ្លុង១ដើម្បីជាកម្លាំងដ៏រឹងមាំ រួមចំណែកអភិវឌ្ឍវិស័យកីឡាម៉ូតូទឹកឲ្យមានការរីកចំរើន លឿនទៅមុខ ព្រោះមូតូទឹកមិនត្រឹមតែ ហ្វឹកហាត់ដើម្បីលើកកម្ពស់ សុខភាពប៉ុណ្ណោះទេ តែក៏ជាការផ្ដល់នូវភាពសប្បាយរីករាយ និង ទាក់ទាញភ្ញៀវទេសចរ១ដ៏សំខាន់ផងដែរ ។
លោក គីម សាយ ប្រធានក្លឹបអង្គរជេតស្គី បានឲ្យដឹងថា ក្លិបរបស់លោក មានកីឡាករ ពេញវ័យចំនួន ៥រូប និង កីឡាករថ្នាល ៣រូប ហើយក្នុងចំណោមកីឡាករពេញវ័យ មានកីឡាករ ចំនួន៤រូប បានជាប់ក្នុងក្រុមជំរើសជាតិ ហើយ កំពុងហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការស៊ីហ្គេមនៅកម្ពុជា។ ប្រធានក្លិបរូបនេះ បានបន្ដថា សម្រាប់ការហ្វឹកហាត់របស់កីឡាករ ក្លិបបានយកចិត្តទុកដាក់គោរពតាម គោលការណ៍របស់សហព័ន្ធ ដោយចែកជា២ផ្នែក គឺហ្វឹកហាត់ផ្នែក កម្លាំង កាយ និងផ្នែកបច្ចេកទេស ដោយហ្វឹកហាត់ផ្នែក កម្លាំងកាយ១ថ្ងៃ និង ផ្នែក បច្ចេកទេសបើកម៉ូតូ១ថ្ងៃ ដើម្បីឲ្យម៉ូតូ សម្រាកបានខ្លះ ។ ក្នុងការហ្វឹកហាត់ លោក បានកត់សម្គាល់ឃើញថា ដោយសារមានការចុះមកណែនាំបង្ហាញ ពីកីឡាកររាមច្បង មានបទពិសោធន៍ច្រើន ផងនោះ សមត្ថភាពរបស់កីឡាករ មានការរីកចំរើន ពី១កម្រឹតទៅ១កំរឹត។
សូមបញ្ជាក់ថា តាមគម្រោង ក្រោយពីបុណ្យចូលឆ្នាំខ្មែរ សហព័ន្ធនឹង ធ្វើការប្រមូលផ្ដុំកីឡាករជម្រើសជាតិ ម៉ូតូទឺកទាំងអស់ ទាំងនៅក្នុងស្រុក និងក្រៅស្រុកមកធ្វើការហ្វឹកហាត់ជុំគ្នានៅខេត្តព្រះសីហនុ ដើម្បីបន្សាំខ្លួនលើទីលានប្រកួតស៊ីហ្គេមផ្ទាល់ មុនការបរកួតជាផ្លូវការ៕ ចាន់ វិចិត្រ